អ៉ីតាលីកាន់តែធ្ងន់ធ្ងរ ដោយបន្តឈរលេខ១ មានមនុស្សស្លាប់ដោយសារ COVID-19 ច្រើនជាងគេរហូតដល់ ១៣,១៥៥នាក់

(រ៉ូម)៖ តួលេខចុងក្រោយចេញដោយអាជ្ញាធរអ៉ីតាលី បានឲ្យដឹងនៅយប់ថ្ងៃពុធថា នៅរយៈពេល ២៤ម៉ោងមុននេះ មនុស្សសរុប ៧២៧នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខណៈអ្នកឆ្លងថ្មីៗទៀតមានសរុប ២,៩៣៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

តួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺបង្កឡើង ដោយវីរុសកូរ៉ូណាថ្មីនេះកើនដល់ ១៣,១៥៥នាក់នៅទូទាំងអ៉ីតាលី ក្នុងចំណោមករណីឆ្លងសរុប ១១០,៥៧៤ករណី ខណៈអ្នកជំងឺជាសះស្បើយវិញ ក៏បានកើនដល់ ១៦,៨៤៧នាក់ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ អ៉ីតាលីបានសម្រេចចិត្តបង្កើនពេលវេលា បិទប្រទេសរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19 រហូតដល់ទីបំផុត។ ទោះបីជាមានករណីស្លាប់ច្រើនពិតមែន តែអ៉ីតាលីនៅតែមានក្តីសង្ឃឹមជានិច្ច ខណៈអត្រានៃការស្លាប់ និងឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់ដូចជាថមថយបន្តិច បើធៀបនឹងពេលផ្ទុះខ្លាំង នៅអំឡុងពាក់កណ្តាលខែមីនា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds