អបអរសាទរ!! បុរសខ្មែរដំបូងដែលឆ្លងជម្ងឺកូវីត១៩ នៅក្នុងខេត្តសៀមរាប បានជាសះស្បើយ និង​ចេញ​ពីពេទ្យហើយ

សៀមរាប៖ បុរសជនជាតិខ្មែរដំបូង ដែលឆ្លងជម្ងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់នៅខេត្តសៀមរាប បានជាសះស្បើយហើយ បុរសនោះវិលត្រឡប់ទៅលំនៅដ្ឋានវិញ កាលពីរសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២០នេះ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី៣០ ខែមីនា ឆ្នាំ២០២០ មានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ ។

លោកបន្តថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជម្ងឺថ្លើមប្រភេទបេ ។ លោកប្រធានមន្ទីរបន្តទៀតថា ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រនិងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជម្ងឺកូវីដ១៩ និង អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និង ស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ។

បុរសរូបនេះ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទោះបីសម្ដេចទាំងពីរ មានភារកិច្ចមមាញឹកយ៉ាងណាក៏ដោយ ក៏សម្ដេចតែងឆ្លៀតសួរសុខទុក្ខលោក ក្នុងអំឡុងពេល លោកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ជាមួយនោះ លោកគាំទ្រដល់ការដឹកនាំ និង ចំណាត់របស់សម្ដេចតេជោ ជុំវិញការទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ១៩នៅកម្ពុជា ក្នុងនោះក្រសួងសុខាភិបាល បានខិតខំយ៉ាងពេញទំហឹងក្នុងយុទ្ធនាការនេះ ។

គួរជម្រាបថា បច្ចុប្បន្នក្នុងខេត្តសៀមរាប មានករណីឆ្លងជម្ងឺកូវីដ១៩ សរុបចំនួន ៥ករណី ក្នុងនោះជាសះស្បើយ ១ករណី និង បានពិនិត្យករណីសង្ស័យថាមានឆ្លងជម្ងឺកូវីដ១៩ សរុប៤៩០ករណី គិតត្រឹមរសៀលថ្ងៃទី៣១ ខែមីនានេះ ជាមួយនោះដែរ មន្ទីរសុខាភិបាលខេត្តសៀមរាប នៅពុំទាន់រកឃើញ វិជ្ជមាននៃជម្ងឺកូវីដ១៩ លើអ្នកទាំងនោះនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds