អ៊ីរ៉ង់ថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់អាមេរិក ក្នុងពេលកំពុងផ្ទុះកូវីដ-១៩
(អន្តរជាតិ)៖ក្នុងអំឡុងពេលវីរុសកូវីដ-១៩ កំពុងតែ ឆ្លងរីករាលដាល កាន់តែខ្លាំង ទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដូចជា បណ្ដាប្រទេសនានា នៅលើពិភពលោកនោះមក អាមេរិកនៅតែបន្ដ ដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើង មកលើប្រទេស នេះ ធ្វើ ឲ្យពលរដ្ឋអ៊ីរ៉ង់ កាន់តែប្រឈមនឹងទុក្ខលំបាកខ្លាំងឡើង បន្ថែមទៀត ។
សារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ដោយបានបញ្ជាក់ថា «ពិភពលោកកំពុងប្រឈមនឹងឧបសគ្គរួម ហើយការប្រឈម មុខនេះ មិនជាប់ ពាក់ព័ន្ធ នឹង នយោបាយ ផលប្រយោជន៍ គឺជាបញ្ហាមនុស្សធម៌ ជីវភាពរស់នៅរបស់ពលរដ្ឋ…» ។ ដូច្នេះហើយការដាក់ទណ្ឌកម្មរបស់អាមេរិក ជាបន្ទុក និងជាអម្រែកយ៉ាងធ្ងន់ដល់ពលរដ្ឋអ៊ីរ៉ង់ ខណៈកំពុងតែ តស៊ូប្រឆាំង នឹង កូវីដ-១៩។ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានស្នើ ឲ្យមាន «ចក្ខុវិស័យមនុស្សធម៌» នៅលើពិភពលោក ដើម្បីប្រឆាំងនឹងអាមេរិក ដែលបានទាមទារហួសហេតុ។
បើតាមតួលេខថ្មីបំផុត របស់ Worldometers.info បានឲ្យដឹងថា បើគិតត្រឹមម៉ោង៧ និង ៣០នាទី ព្រឹក ថ្ងៃទី ៣១ ខែមីនា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើងខ្ពស់ ក្នុងរយៈពេល ២៤ម៉ោង ដោយ មានអ្នកឆ្លងរហូតដល់ ៣១៨៦នាក់ ធ្វើឲ្យចំនួនអ្នកឆ្លង សរុបមានចំនួន ៤១ ៤៩៥នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី ១១៧នាក់ ធ្វើឲ្យអ្នកស្លាប់សរុបកើនឡើងដល់ ២៧៥៧ នាក់។ ទោះជាយ៉ាងណា រហូតមកដល់ ពេលនេះ ការឆ្លងរាលដាល នៅក្នុងប្រទេសអ៊ីរ៉ង់ នៅតែបន្តកើនឡើង ហើយមិនទាន់មានសញ្ញាថមថយនៅឡើយ ។ កន្លងមក ឧត្តមស្នងការអង្គការសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវឲ្យលុបទណ្ឌកម្មទាំងអស់ដល់បណ្តាប្រទេស ដែលកំពុងរងទណ្ឌកម្ម ដើម្បីផ្តល់ឱកាសដល់ប្រទេសនោះ អាចទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បាន៕