វៀតណាម បានត្រៀមបិទទីក្រុងធំៗរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលCOVID-19
(វៀតណាម)៖ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យទីក្រុងធំៗទាំងអស់របស់ខ្លួនត្រូវរៀបចំ និងត្រៀមខ្លួនទុកជាមុនក្នុងករណីប្រសិនបើមានការប្រកាសឱ្យបិទទីក្រុង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 ខណៈករណីឆ្លងនៅប្រទេសមួយនេះកើនឡើងជិតដល់ ២០០ ករណី។ នេះបើយោងតាមសារ ព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០២០ នេះ។
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា ទីក្រុងហាណូយ និង ទីក្រុងហូជីមិញ ត្រូវតែធ្វើការពិនិត្យឡើងវិញ និងរៀបចំផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ ហើយត្រូវត្រៀមខ្លួនឲ្យបានរួចស្រេចប្រសិនបើមានការបិទទីក្រុង។ លោកនាយករដ្ឋមន្ត្រីបានបន្តថា ប្រទេសវៀតណាមបានឈានដល់ដំណាក់កាលឆ្លងខ្ពស់នៃជំងឺរាតត្បាតនេះហើយ ដូច្នេះទីក្រុងសំខាន់ៗត្រូវពន្លឿន និងអនុវត្តវិធានការណ៍ដែលបានកំណត់។
លោកបានបញ្ជាឱ្យផ្អាកសេវាកម្មដឹកជញ្ជូនសាធារណៈដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងដែលត្រូវបានគេដឹងថាបានឆ្លងដល់មនុស្ស ២០៣ នាក់នៅក្នុងប្រទេស។
យោងតាមសេចក្ដីថ្លែងការណ៍មួយដែលចុះផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលបានឱ្យដឹងថាលោក Phuc ក៏បានអំពាវនាវឱ្យមានកម្រិតលើការប្រើប្រាស់យានយន្តឯកជននិងលើកទឹកចិត្តដល់មន្រ្តីរដ្ឋឱ្យធ្វើការពីផ្ទះ។
៕ប្រភព៖ Reuters