សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ ១៩
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗ ទាក់ទងទៅនូវវិធានការក៏ដូចជាចូលរួមទប់ស្កាត់ជំងឺ ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជានេះ។
នៅក្នុងការធ្វើសន្និសីទសារព័ត៌នោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ សម្តេចេតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុស កូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ព្រឹកថ្ងៃទី៣០ ខែមីនានេះ នៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន ១០៧នាក់ ដោយយើងរកឃើញករណីថ្មី វិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ និងអ្នកព្យាបាលជាសះស្បើយ ចំនួន ០២នាក់។ តែជារួម អ្នកព្យាបាលជាសះស្បើយ នៅកម្ពុជាយើង សរុបមានចំនួន ២៣នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ចយើង ទៅតាមចាប់ដល់បន្ទប់ទៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសព្រមានដល់លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្ស នៅអង្គការលីកាដូ ដែលថា ការផ្សាយលក់ឱសថ ឬឧបករណ៍ក្លែងក្លាយនេះ ក៏ប្រឈមនឹងការចាប់ខ្លួនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា កាលពីម្សិលមិញ យើងចាប់យកឧបករណ៍ និងថ្នាំ ដែលថា ព្យាបាលជំងឺកូវីដ១៩ នោះ បានមួយចំនួនហើយ។ នៅថ្ងៃនេះ អាជ្ញាធរសមត្ថកិច្ច សូមបន្តអនុវត្តវិធានការនេះ តាមចាប់ដល់ផ្ទះតែម្តង។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋ ជឿលើការនិយាយថា ហូបពងមាន់ពងទា ការពារជំងឺកូវីដ ជាដើម៕