សម្តេចតេជោបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសាតទៅ។ ការសម្រេចបិទកាស៊ីណូ រហូតដល់ថ្ងៃទី០១មេសានេះ ដើម្បីទុកពេលឲ្យថៅកែកាស៊ីណូ រៀបចំ គិតគូទូទាត់ប្រាក់ខែដល់បុគ្គលិកកម្មករ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេចទុករយៈពេលប៉ុន្មានថ្ងៃ ទើបសម្រេចឲ្យបិទជាបណ្ដោះអាសន្នកាស៉ីណូនៅទាំងប្រទេស គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់កាស៉ីណូ រៀបចំបើកប្រាក់ខែតាមការកំណត់ជូនបុគ្គលិកទាំងអស់របស់ខ្លួន។ សម្ដេចបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះ រដ្ឋមិនយកពន្ធលើអាជីវកម្មនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចេញបទបញ្ជាបិទកាស៉ីណូទាំងអស់ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ។ ហេតុអ្វីបានជាយើងត្រូវទុកពេលទៅដល់ថ្ងៃទី០១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្ដង បញ្ហាមិនស្ថិតនៅត្រង់អ្នកលេងល្បែងទេ ស្ថិតនៅត្រង់បញ្ហាថៅកែកាស៉ីណូត្រូវដោះស្រាយចំពោះកម្មកររបស់ពួកគេយ៉ាងណា ព្រោះប្រសិនបើបិទភ្លាមថៅកែកាស៉ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវបញ្ហាបុគ្គលិក កម្មករ ដែលត្រូវព្យួរការងារអំពីការបិទនេះ»

ការបិទកាស៊ីណូនៅទូទាំងប្រទេសនេះ ក៏ដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open