គុនខ្មែរចាប់ផ្ដើមព្យាបាលវះកាត់ ក្រោយសម្ដេចតេជោ ហ៊ុន សែន ព្រមានលូកដៃ បើមិនកែទម្រង់
ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 04:55PM
គុនខ្មែរ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកកិច្ចប្រជុំបន្ទាន់ភ្លាមៗ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយបញ្ហាអសកម្មរបស់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដី ក្នុងពិធីពិសាភោជនីយហារមហាគ្រួសារកីឡាជាតិលើកទី៤ កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ ហើយថ្នាក់ដឹកនាំសហព័ន្ធបានប្ដេជ្ញាគោរពអនុវត្ត តាមអនុសាសន៍របស់សម្ដេចតេជោឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាការអភិវឌ្ឍកីឡាគុនខ្មែរឲ្យកាន់តែរីកចម្រើន។
ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់របស់សហព័ន្ធកាលពីថ្ងៃទី០៦ ខែមេសាថា ចាប់ពីពេលនេះសហព័ន្ធនឹងអនុវត្តយុទ្ធសាស្ត្រព្យាបាលវះកាត់ ដើម្បីជៀសវាងផលប៉ះពាល់ដល់ការអភិវឌ្ឍដោយគ្មានការយោគយល់ឡើយ។ ឯកឧត្ដមបានទទួលស្គាល់ថា ការអនុវត្តការងាររបស់មន្ត្រីជំនាញក្រោមឱវាទ ពិតជាមានបញ្ហាពិតមែន រហូតពេលខ្លះអ្នកឈ្នះទៅចាញ់ អ្នកចាញ់ទៅជាឈ្នះក៏មាន។ ដូច្នេះការងារនឹងត្រូវកំណត់ពួកគេគួរបន្តនៅ ឬអត់ តាមការអនុវត្តជាក់ស្ដែងរបស់ពួកគេ។ ឯកឧត្ដម តែម ម៉ឺន បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកមកអនុវត្តក្នុងសហព័ន្ធ ដោយឯកឧត្ដមប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។ ម្យ៉ាងវិញទៀតឯកឧត្ដមក៏បានសម្ដែងការសូមទោសចំពោះសម្ដេចតេជោ សម្រាប់អាជ្ញាកណ្ដាលមួយចំនួនដែលអនុវត្តការងារ មិនអាចទទួលយកបាន និងបានព្រមានមន្ត្រីក្រោមឱវាទថា កុំស្មានខ្លួនធ្វើអ្វីថ្នាក់ដឹកនាំមិនដឹង ហេតុនេះបើដឹងខ្លួនត្រូវប្រញាប់កែតម្រូវជាបន្ទាន់។
សូមរំឭកថា ក្នុងពិធីពិសាភោជនីយហារមហាគ្រួសារកីឡាជាតិលើកទី៤ កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានទម្លាយនូវភាពអសកម្មមួយចំនួន ដែលកើតឡើងក្នុងវិស័យកីឡាពិសេសកីឡាប្រដាល់ ដោយអាជ្ញាកណ្ដាលបានផ្ដល់ពិន្ទុមិនយុត្តិធម៌ តាមសង្វៀនស្ថានីយទូរទស្សន៍មួយចំនួន ដែលធ្វើឲ្យកីឡាករបាក់ទឹកចិត្ត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិទៀតផង ដោយសារកីឡាករបរទេសខ្លះមិនវៃត្រូវឈ្នះ បែរជាឲ្យចាញ់ទៅវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រាប់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាបណ្ដុះបណ្ដាល និងក្រមសីលធម៌នៃអាជ្ញាកណ្ដាល បើមិនព្រមកែប្រែទេ សម្ដេចនឹងចេញមុខដោះស្រាយជូនកីឡាករដែលរងនូវអំពើអយុត្តិធម៌…។ សម្ដេចអះអាងថា មិនកាន់ជើងកីឡាករខ្មែរ ហើយក៏មិនកាន់ជើងកីឡាករបរទេស តែទូរទស្សន៍ខ្លះទាល់តែកីឡាករខ្មែរវៃបរទេសដួលបានឲ្យឈ្នះ ឯទូរទស្សន៍ខ្លះទាល់តែកីឡាករបរទេសវៃខ្មែរដួល បានកីឡាករបរទេសឈ្នះ។
ឯកឧត្ដម តែម ម៉ឺន បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេដែលសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពោលគឺកន្លងមកសម្ដេចបានផ្ដល់អនុសាសន៍ល្អៗជាច្រើន ហើយសហព័ន្ធក៏បានពាំនាំអនុសាសន៍ដ៏មានតម្លៃទាំងនោះមកពន្យល់ និងណែនាំមន្ត្រីក្រោមឱវាទដែរ តែមន្ដ្រីខ្លះបែរជាមិនយកចិត្តទុកដាក់ធ្វើការងារខ្ជះខ្ជាយទៅវិញ។ ហេតុនេះឯកឧត្ដមសង្ឃឹមថា ក្រោយសហព័ន្ធដាក់ចេញបទបញ្ជាថ្មី មន្ត្រីជំនាញនឹងអនុវត្តការងារឲ្យមានប្រសិទ្ធភាពបំផុត៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន