អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ
(ភ្នំពេញ)៖ នៅក្នុងកិច្ចសំភាសន៍ជាមួយនឹង ទូរទស្សន៍ជាតិកម្ពុជា ស្តីពីការវិវត្តន៍នានានៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ។
លោកជំទាវបានបញ្ជាក់ថា ការបរិភោគស៊ុត ឬខ្ទឹមស គ្រាន់តែចំណែកមួយ ដែលជួយថែទាំសុខភាពឲ្យរឹងមាំប៉ុណ្ណោះ ហើយលោកជំទាវបន្ថែមផងដែរថា ការបរិភោគម្ហូបអាហារទាំងនោះមិនទាស់ខុសនោះទេ ប៉ុន្តែគ្រាន់តែសូមឲ្យបងប្អូនប្រជាពលរដ្ឋកុំឲ្យមានអារម្មណ៍ថា ម្ហូបអាហារទាំងនោះជាឱសថ ឬថ្នាំ ដែលអាចព្យាបាលកូវីដ១៩តែប៉ុណ្ណោះ។
លោកជំទាវក៏បានឲ្យដឹងទៀតថា ការបរិភោគ បន្លែ ផ្លែឈើច្រើន សុទ្ធតែល្អ ដែលអាចជួយទ្រទ្រង់សុខភាព ដើម្បីឲ្យប្រព័ន្ធការពាររឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ៕