ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី ត្រូវគង់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ បន្ទាប់ពីធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩
ម៉ាឡេសុី៖ ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី បានសម្រេចព្រះទ័យគង់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានព្រះរាជសុខភាព បន្ទាប់ពីអ្នកបម្រើការក្នុងព្រះបរមរាជវាំង Istana Negara ចំនួន៧នាក់ធ្វើតេស្ដវិជ្ជមានជំងឺថ្មីកូវីដ-១៩។
ក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ព្រះបរមរាជវាំង Istana Negara កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា ម្សិលមិញនេះ បានឲ្យដឹងថា អ្នកបម្រើការក្នុងព្រះបរមរាជវាំងចំនួន៧នាក់ ត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យគូឡាឡាំពួរ បន្ទាប់ពីធ្វើតេស្ដវិជ្ជមានជំងឺថ្មីកូវីដ-១៩។ ហើយបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលក៏កំពុងកំណត់អត្តសញ្ញាណនៃប្រភពឆ្លងរបស់អ្នកជំងឺទាំង៧នោះផងដែរ។ ជាមួយគ្នានេះដែរ រាល់អ្នកទាំងឡាយណា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺទាំងនោះ ត្រូវបានគេណែនាំឲ្យទៅធ្វើតេស្ដរកមេរោគ និងដើម្បីធានាសុវត្ថិភាព គឺតម្រូវឲ្យនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃតែម្ដង។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ដោយសារជំងឺកូវីដេ-១៩ ចំនួន២៣នាក់ និងមានករណីឆ្លងសរុបចំនួន២,០៣១នាក់ ដែលជាតួលេខខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ ៕