អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ក្រសួងកំពុងចាត់វិធានការរាល់ការលក់តាមអនឡាញដោយគ្មានការចុះបញ្ជី និងមិនបានឲ្យក្រសួងសុខាភិបាលធ្វើការពិនិត្យត្រឹមត្រូវ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងបញ្ហាជំងឺឆ្លងកូវីត១៩ ដែលកំពុងរាតត្បាតជាសកល ហើយបច្ចុប្បន្ន ប្រទេសមួយចំនួន បានឈានដល់ការបិទប្រទេស និងខ្លះទៀត មានមនុស្សឆ្លងនិងស្លាប់ជាច្រើននាក់ ។ ចំណែកកម្ពុជាវិញ ក៏បានបន្តរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ផងដែរ ។

រាជរដ្ឋបាលភិបាល កំពុងតែពិបាកនៅក្នុងការធ្វើគ្រប់វិធីសាស្ត្រ ដល់ជួយដល់ពលរដ្ឋឲ្យចៀសផុតពីការឆ្លងCOVID-19 បែរជាប្រជាពលរដ្ឋមួយចំនួនបានឆ្លៀតឱកាសនាពេលនេះ លក់ម៉ាស់ ទឹកអាកុល ឬជេលលាងដៃ ថ្លៃខុសពីតម្លៃធម្មតា គុណជាច្រើនដងឯណោះ រហូតកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញបញ្ជាឲ្យធ្វើការរឹបអូសយកម៉ាស់ទាំងអស់ និងបិទអាជីវកម្មលែងឲ្យប្រកបរបររកស៊ីមួយជីវិត បើនៅតែរឹងទទឹងមិនស្តាប់ការណែនាំ និងបទបញ្ជារបស់សម្តេច ។

ក្នុងនោះគេសង្កេតឃើញអ្នកលក់អនឡាញមួយចំនួន នៅលើបណ្តាញសង្គមជាច្រើន បាននាំគ្នាលក់ សម្ភារៈការពារជំងឺកូវីត១៩ ព្រោងព្រាត រួមមានដូចជា ម៉ាស់ ទឹកអាកុល ជេលលាងដៃ និងឧបករណ៍វាស់កម្តៅជាដើម ដោយបានយកមកលក់បន្តគ្នា ខ្លះយកពីរោងចក្រមកលក់ផ្ទាល់ ទាំងដែលមិនបានឲ្យក្រសួងសុខាភិបាលពិនិត្យត្រឹមត្រូវ ពិសេសថែមទាំងលក់ក្នុងតម្លៃថ្លៃហួសហេតុ ទាំងដែលតម្លៃយកចូលទាប លក់ចេញខ្ពស់ ហាងឆេងតាមមាត់ជាដើម និងគ្មានការចុះបញ្ជីការថែមទៀត។

ពាក់ព័ន្ធបញ្ហានេះ  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថា «រាល់ការលក់ តាមអនឡាញដោយគ្មានការចុះបញ្ជីការ និងមិនបានឲ្យក្រសួងសុខាភិបាលធ្វើការពិនិត្យត្រឹមត្រូវ គឺខុសច្បាប់ ហើយពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល នឹងមានវិធានការតាមច្បាប់ផងដែរ » ។

ក្នុងន័យនេះសូមបណ្តាអ្នកលក់អនឡាញ​ ពិសេសគឺអ្នកលក់ម៉ាស់ លក់ទឹកអាកុល ពិសេសគឺលក់ឧបករណ៍វាស់កម្តៅ ដែលគ្មានការចុះបញ្ជីការ និងគ្មានការពិនិត្យពីក្រសួងសុខាភិបាល មេត្តាជ្រាប និងត្រៀមខ្លួនឲ្យហើយ ៕

Image result for ឱ វណ្ណឌីន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds