កម្ពុជាបានអនុញ្ញាតឱ្យម៉ាឡេស៊ី យកយន្តហោះមកដឹកពលរដ្ឋរបស់ខ្លួន ចំនួន១១១នាក់ ចេញពីកម្ពុជា
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ កម្ពុជា បានអនុញ្ញាតឱ្យម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកដឹកពលរដ្ឋខ្លួន១១១នាក់ ដែលកំពុងជាប់នៅក្នុងប្រទេសកម្ពុជា ព្រោះគ្មានជើងហោះហើរនោះ។
ជាមួយគ្នានេះ កម្ពុជា ក៏បានស្នើសុំម៉ាឡេស៊ី ឱ្យជួយដឹកពលរដ្ឋកម្ពុជា ៦នាក់ពីប្រទេសម៉ាឡេស៊ី តាមយន្តហោះពិសេសនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់លើទំព័រ Facebook នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។
បើតាមលោក ប្រាក់ សុខុន ពលរដ្ឋខ្មែរទាំង៦នាក់នេះ ពេលមកដល់ប្រទេសកម្ពុជា ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពភ្លាមៗនៅមន្ទីរពេទ្យចាក់អង្រែផងដែរ ដើម្បីធានាសុវត្ថិភាព ឬបញ្ជាក់ថា គ្មានជំងឺកូវីដ១៩។
ប្រមុខការទូតកម្ពុជា ក៏បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein នៅថ្ងៃម្សិលមិញ បានទូរស័ព្ទជួបលោកដើម្បីអរគុណកម្ពុជា ចំពោះការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋម៉ាឡេស៊ី។ ជំនួបតាមទូរស័ព្ទនោះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏ឆ្លៀតពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 និងការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ដែរថា តាមជំនួបទូរស័ព្ទនេះ លោកក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ហើយក៏អរគុណចំពោះការអនុញ្ញាតឱ្យយពលករខ្មែរបានដោយសារយន្តហោះពិសេសមកកម្ពុជាវិញ។
បើតាមលោក ប្រាក់ សុខុន ជំនួបតាមទូរស័ព្ទម្សិលមិញនេះ លោកបានបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយម៉ាឡេស៊ី និងពហុភាគីផងដែរ។
សូមបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នោះ ប្រទេសម៉ាឡេស៊ី បានសម្រេចបិទជើងហោះហើរពីគ្រប់ប្រទេសទាំងអស់។ ព្រោះតែមូលហេតុនេះហើយទើបនាំឱ្យពលរដ្ឋម៉ាឡេស៊ីមួយចំនួន ត្រូវជាប់នៅក្នុងប្រទេសកម្ពុជា គ្មានជើងហោះហើរត្រឡប់ទៅវិញ។
របាយការណ៍បានបង្ហាញថា ប្រទេសម៉ាឡេស៊ី កើតមានជំងឺកូវីដ១៩ ជិត ២ពាន់ករណីហើយ ហើយមានមនុស្សប្រមាណ២០នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី កំពុងដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ រួមទាំងការបិទជើងហោះហើរផងដែរ៕