លោក ពេជ្រ ស្រស់៖ តើមានពលរដ្ឋដែលជំពាក់ធនាគារប៉ុន្មាននាក់មានលុយត្រៀមសងបំណុលធនាគារស្របពេលសម្តេចតេជោប្រកាសឲ្យពលរដ្ឋនៅផ្ទះ…?
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចោទជាសំណួរទៅកាន់ប្រមុខដឹកនាំកម្ពុជាថា « តើមានប្រជាពលរដ្ឋកម្ពុជាយើងដែលជំពាក់ធនាគារប៉ុន្មាននាក់ ដែលមានលុយត្រៀមសងនូវបំណុលធនាគារស្របពេលសម្តេចតេជោប្រកាសឲ្យពលរដ្ឋនៅផ្ទះ…? ហើយរដ្ឋាភិបាលគ្មានមធ្យោបាយចរចារជាមួយធនាគារក្នុងការពន្យាពេលឲ្យពលរដ្ឋសងបំណុលនោះ? សូមឆ្លើយ☝️☝️☝️☝️☝️☝️☝️»។
នេះបើយោងតាមសំណេរលើបណ្ដេញសង្គមរបស់លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២០។
ការចោទជាសំណួរបែបនេះរបស់ លោក ពេជ្រ ស្រស់ ខណៈពេលដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ចរចារជាមួយធនាគារក្នុងការពន្យាពេលឲ្យពលរដ្ឋសងបំណុល ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូល។
សូមជម្រាបថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា៕