ពិតជាមានទឹកចិត្តមែន! រុស្ស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីជួយសហរដ្ឋអាមេរិក ប្រយុទ្ធជាមួយ COVID-19
(វ៉ាស៊ីនតោន)៖ យោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០នេះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បានលើកឡើងថា ទីក្រុងម៉ូស្គូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆំាងជាមួយនឹង COVID-19 បើសិនជាចាំបាច់។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូណូវ (Anatoly Antonov) ធ្វើកត់សម្គាល់បែបនេះ ប្រាប់សារព័ត៌មាន Sputnik នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក អាន់តូណូវ បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រដាប់ធ្វើតេស្ដរក COVID-19 របស់យើងបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ នៅក្នុងប្រទេសចិន និងអ៉ីរ៉ង់ ហើយបច្ចុប្បន្នយើងបានបញ្ជូនប្រដាប់ទាំងនេះទៅកាន់ប្រទេសអ៉ីតាលីទៀត…ដូច្នេះប្រជាជនអាមេរិក គួរតែដឹងថាយើងបានត្រៀមខ្លួន ជាស្រេច ដើម្បីជួយសហរដ្ឋអាមេរិក នៅក្នុងករណីចាំបាច់ ដូចដែលយើងធ្លាប់បានផ្ដល់ជំនួយជាច្រើនដង ដល់ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា»។
គិតត្រឹមថ្ងៃអង្គារម្សិលមិញ សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារ COVID-19 កើនដល់ច្រើនជាង ៧០០នាក់ហើយ៕