អ្នកដំណើរលើកប៉ាល់ Viking Cruise នៅខេត្ដកំពង់ចាម ចំនួន៥៣នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ស្រុកកំណើតវិញ ក្រោយធ្វើតេស្ដមិនមាន COVID-19

(កំពង់ចាម)៖ ភ្ញៀវទេសចរលើកប៉ាល់ Viking Cruise Journey ចំនួន ៥៣នាក់ ក្នុងចំណោមជាង ៦០នាក់ ដែលចូលសំចតនៅខេត្ដកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារមេគង្គ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីបង្កលក្ខណៈឲ្យពួកគាត់ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីត្រូវបានទុកដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងក្រោយពីការធ្វើតេស្ត រកមិនឃើញ COVID-19 ចំនួន៣លើកមកហើយនោះ។

នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានយកសំណាកពិនិត្យចំនួន ៣លើក និងបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចមក នៅល្ងាចថ្ងៃនេះ រដ្ឋបាលខេត្ត និងមន្ត្រីសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យក្រុមអ្នកទេសចរចំនួន ៥៣នាក់ អាចចាកចេញពី សណ្ឋាគារមេគង្គ ឆ្ពោះទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

បើតាមលោកអភិបាលខេត្តកំពង់ចាម សម្រាប់ក្រុមភ្ញៀវទេសចរទាំង ៥៣នាក់នេះ ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្ត បានចេញលិខិតបញ្ជាក់ពីសុខភាពរបស់ពួកគេ ដើម្បីបង្ហាញជូនមន្រ្តីពាក់ព័ន្ធពេលធ្វើដំណើរ ត្រឡប់ទៅកាន់ស្រុកកំណើតវិញ។​ យ៉ាងណាក៏ដោយ សម្រាប់ក្រុមភ្ញៀវទេសចរចំនួន ៤នាក់ទៀត ត្រូវបានបន្តទុកពិនិត្យ និងតាមដានបន្តទៀត ពីក្រុមមន្រ្តីសុខាភិបាល។

គួរជម្រាបថា អ្នកដំណើរនៅលើកប៉ាល់ Viking Cruise Journey ដែលចូលចតនៅប្រទេសកម្ពុជា ក្រោយមកពីប្រទេសវៀតណាម ត្រូវបានរកឃើញវិជ្ជមាន COVID-19 ចំនួន ៣នាក់។ ក្រោយយកមកដាក់ឲ្យពិនិត្យព្យាបាល នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ដ្រីជនជាតិអង់គ្លេសម្នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។

អ្នកវិជ្ជមាន COVID-19 នៅលើ Viking Cruise Journey រួមមាន៖

*ទី១៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៣៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds