ធន់​ មករា​ ប្រកួត​សប្ដាហ៍​មុននេះ​ដូច​ខឹង​ថៃ​តាំង​ពី​ពេល​ណា​មក​…

ថ្ងៃទី ០៨​ ខែមេសា ឆ្នាំ២០១៩ ម៉ោង 2:38PM

ធន់​ មករា​ ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៦​ មេសា​ ២០១៩​ លើក​នេះ​ដូច​ខឹង​កីឡាករ​ថៃ​ តាំង​ពី​ពេល​ណា​មក​ម្ល៉េះ​ បុក​រហូត​ដល់​ដៃគូ​សន្លប់​ក្នុង​ទឹក​ទី៣។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​ប្រកួត​ហាក់​ដូច​ជា​កាច​ជាង​រាល់​ដង​របស់​គេ​ ពោល​លលើក​មុន​ៗ​វ៉ៃ​តាម​ដំណើរ​ប៉ុណ្ណោះ​ មិន​សូវ​ជា​បុក​នោះ​ឡើយ​ប៉ុន្តែ​សម្រាប់​ជំនួប​មិត្តភាព​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ ហាក់​ស្រេច​ឃ្លាន​និង​ជ័យជម្នះ​តែ​ម្ដង។​

មករា​ មិន​សូវ​ជា​ស្ទាបស្ទង់​ច្រើន​ឡើយ​ ពោល​ព្យាយាម​ឆក​កណ្ដាប់​ដៃ​បាន​ច្រើន​ ចំណែក​ការ​ទាត់​ជើង​ក្រោម​ក៏​លឿន​ថែម​ទៀត​ផង។​ ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧​គីឡូក្រាម​ របស់​សង្វៀន​ប៉ុស្តិ៍លេខ៥​ រូប​នេះ​ ប្រើ​ស្នៀត​បត់​កែង​ កែង​បក​ និង​បុក​កែង​ច្រើន​មែនទែន​ ខណៈ​កីឡាករ​ថៃ​ព្យាយាម​វ៉ៃ​កាត់​ផង​ ទាត់​ផង​ និង​បក​កែង​វិញ​ដែរ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​អ្នក​លេង​គុន​ខ្មែរ​បាន​ឡើយ។​ ទោះ​ត្រូវ​កែង​បុក​របស់​ ធន់​ មករា ​បែក​ឈាម​ស្ទើរ​ងើប​លែង​ចង់​រួច​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​កីឡាករ​ថៃ​ យ៉ត​ កាតាំង​យូ​ នៅ​ចង់​បន្ត​ការ​ប្រកួត​ទៀត​ ស្រប់​ពេល​អាជ្ញាកណ្ដាល​រាប់​បាន​តែ​បន្តិច​ក៏​សម្រេច​ចិត្ត​បញ្ឈប់​ត្រឹម​ទឹក​ទី៣​តែ​ម្ដង​ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ខ្លាំង​ជាង​នេះ។​

រំលឹក​ដែរ​ថា​ ធន់​ មករា​ ប្រកួត​ជា​គូ​ឯក​ប្រចាំ​សប្ដាហ៍​របស់​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៦​ មេសា​ ដែល​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ថៃ​ យ៉ត​ កាតាំង​យូ​ ដោយ​ផ្ដួល​ថៃរូប​នេះ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣៕​

អត្ថបទ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds