ក្រុមគ្រូពេទ្យចិនដែលស្ម័គ្រចិត្តមកជួយកម្ពុជា បានដឹកសម្ភារៈពេទ្យ មកដល់កម្ពុជាហើយ
(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋប្រជាមានិតចិន និងយន្តហោះពិសេស ដែលដឹកសម្ភារៈពេទ្យ បានចេញដំណើរពីសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាហើយ នាព្រឹកព្រលឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។
លើជំនួយសម្ភារៈពេទ្យរបស់ចិននេះ បានសរសេរថា «ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក»។សូមរម្លឹកថា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ របស់ប្រទេសចិន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៨:៣០ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទី១របស់ប្រទេសចិន ទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោក គួរឲ្យបារម្ភ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា មានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចក្រុមគ្រូពេទ្យចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនានេះ៕