ក្ដៅៗ! លោក ពេជ្រ ស្រស់ ស្នើឲ្យរាជរដ្ឋាភិបាលគួរបិទការធ្វើដំណើរភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍មកប្រទេសកម្ពុជា
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានស្នើដល់រាជរដ្ឋាភិបាលមេត្តាបិទជាបន្ទាន់ ចំពោះការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍មកប្រទេសកម្ពុជាយើងក្នុងរយៈពេល 14 ថ្ងៃសិន គឺដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេសកម្ពុជាយើងកុំឱ្យរីករាលដាលអំពីជម្ងឺ COVID-19 កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជារបស់យើង។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក បានសរសេរនាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា ការស្នើសុំឲ្យរាជរដ្ឋាភិបាលបិទភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍មកប្រទេសកម្ពុជានេះ គឺស្របពេលដែល កម្ពុជាកំពុងផ្ទុះជំងឺឆ្លង COVID-19 ដោយគិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៕