ប្រជាពលរដ្ឋជាង៣០០គ្រួសារ បានសម្តែងក្តីសប្បាយរីករាយចិត្ត ខណៈបានផ្លូវមួយខ្សែរ ពីក្រុមការងារគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន
(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីសប្បាយរីករាយចិត្តយ៉ាងខ្លាំង ដោយសារតែបានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាខេត្ត ជួយជួសជុល ផ្លូវលំមួយខ្សែរ ក្នុងភូមិរបស់ពួកគាត់ ដែលរងការខូចជាយូរឆ្នាំមកហើយ ពិបាកក្នុងការធ្វើដំណើរ និងដឹកកសិផល ពិសេសក្នុងខែវស្សាម្តងៗ គឺលំបាកមែនទេន ព្រោះទឹកហូរឆ្លងកាត់ផ្លូវ បង្កទៅជាភក់ជ្រាំជាដើម ។ការជួសជុលផ្លូវលំមួយខ្សែរនេះចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមលោកស្រី គង់ ស្រី មេភូមិអូររអិល តំណាងឱ្យប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ រស់នៅក្នុងភូមិអូររអិល ខាងលើ បានលើកឡើងថា៖ ផ្លូវមួយខ្សែរនេះ បានរងការខូចជាច្រើនឆ្នាំមកហើយ មិនដែលមានក្រុមហ៊ុនឬខាងណាជួយជួសជុលឲ្យនោះទេ ហើយផ្លូវមួយខ្សែរនេះជាផ្លូវកាត់ ធ្វើដំណើរលឿន ឆ្ពោះទៅទិសខាងជើង ប៉ុន្តែពេលនេះ គឺអាចឱ្យប្រជាពលរដ្ឋ បើកបរចេញ ចូលយ៉ាងស្រួលផងដែរ ដោយសារតែបានធ្វើការជួសជុលឡើងវិញ ។ជាមួយគ្នានេះលោកស្រីតំណាងឲ្យប្រជាពលរដ្ឋ ក៍បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយឃុំស្ទឹងកាច់ និងម្ចាស់គ្រឿងចក្រ ដែលបានធ្វើការឈូសឆាយ ធ្វើផ្លូវលំ១ខ្សែនេះ សម្រាប់ជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាអ្នកផ្សេងៗទៀត ដែលធ្វើដំណើរ មកពីព្រំដែនកម្ពុជាថៃ ងាយស្រួលឆ្លងទៅភូមិនានា ក្នុងស្រុកសាលាក្រៅ និង ឆ្ពោះទៅស្រុកកំរៀង ខេត្តបាត់ដំបងផងដែរ (សូមស្តាប់ការបញ្ជាក់ពីលោកស្រីមេភូមិ និងប្រជាពលរដ្ឋភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។
មានប្រសាសន៍ក្នុងការចុះត្រួតពិនិត្យការជួសជុលនេះដែរលោក សៅ សារ៉ាត់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ:បក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារ ចុះជួយឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានលើកឡើងថា ៖ ក្រោយពីទទួលបាននូវព័ត៌មានពីប្រជាពលរដ្ឋ អំពីបញ្ហាផ្លូវពិបាក ក្នុងការធ្វើដំណើរ ជាពិសរសនៅរដូវរស្សា ទើបឯកឧត្តម រួមជាមួយក្រុមការងារ បានចុះធ្វើការសិក្សា រួចក៏នាំយកគ្រឿងចក្រ ចុះទៅជួសជុលផ្លូវនេះតែម្តង ក្រោមការជួយឧបត្ថម្ភ ពីលោក សួង សុភ័ក្ត ជាម្ចាស់គ្រឿងចក្រ និងរថយន្ត មកពីខេត្តបន្ទាយមានជ័យ ។
លោកប្រធានក្រុមការងារចុះជួយឃុំ បានបន្តទៀតថា ៖ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧ ចូលទៅក្នុងភូមិនានា ក្នុងស្រុកសាលាក្រៅ ហើយការជួសជុលផ្លូវនេះ មានប្រវែងជាង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយចាក់គ្រួសក្រហម ដាក់លូ និងកាយប្រឡាយបង្ហូរទឹក នៅសងខាងផ្លូវ សម្រាប់បង្កភាពងាយស្រួលឱ្យទឹកហូរ ។ជាមួយគ្នានេះដែរលោក ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវខាងលើនេះ ត្រូវនាំគ្នាជួយថែរក្សា ព្រោះជាផ្លូវសាធារណ:សម្រាប់ប្រើប្រាស់ទាំងអស់គ្នាផងដែរ។សូមបញ្ជាក់ថា៖ បើតាមលោក សួង សុភក្ត័ ដែលជាម្ចាស់គ្រឿងចក្រ មានឈ្មោះ មានជ័យ សុភ័ក្ត មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា៖ កន្លងមកលោកតែងតែជួយឧបត្ថម្ភការជួសជុលផ្លូវក្នុងខេត្តប៉ៃលិនជាច្រើនខ្សែរ តាមរយ:លោក ហុក សុផល អភិបាលរងខេត្ត និងក្រុមការងាររបស់គណ:បក្សប្រជាជនកម្ពុជាខេត្ត ហើយនៅពេលថ្មីៗនេះ ខាងលោកបានជួយជួសជុលផ្លូវ ចំនួន៣ខ្សែសរុប១៥គីឡូម៉ែត្រ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ព្រមទាំងធ្វើការជួយពង្រីកផ្លូវ រង្វង់មូល ,ជួយដឹកដីចាក់ នៅវិមានឈ្នះ ឈ្នះ ចំនួន៥០% និងជួយឧបត្ថម្ភសម្លៀកបំពាក់អាវរងារចំនួន៨០០អាវ ស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ដល់ជនក្រីក្រ នៅក្នុងខេត្តនេះថែមទៀតផងដែរ ។
លោកបញ្ជាក់ថា៖ ចំពោះការជួយជួសជុលផ្លូវមួយខ្សែនេះ មានប្រវែងជាង២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាក់គ្រួសក្រហម ដោយចំងាយថវិការផ្ទាល់ខ្លួនអស់ប្រហែលជា៦លានរៀល ព្រមទាំងស្តារប្រឡាយទឹក ដែលមាន ទទឹង១០ម៉ែត្រ បណ្តោយ២០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ ជូនដល់ពលរដ្ឋចំនួន៤៣គ្រួសារ នៅក្នុងភូមិនេះផងដែរ៕