កើនមួយទ្វេជាពីរ ! ថៃ ប្រកាសរកឃើញអ្នកឆ្លង Covid-19 ថ្មីចំនួន១៨៨នាក់បន្ថែមទៀត សរុបទាំងអស់កើនដល់៥៩៩ករណី
(បាងកក)៖ នាថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញអ្នកឆ្លង Covid-19 ថ្មីចំនួន១៨៨នាក់បន្ថែមទៀត ដែលសរុបទាំងអស់កើនដល់៥៩៩នាក់ ដែលវាគឺជាអត្រាឆ្លងថ្មីប្រចាំថ្ងៃខ្ពស់ជាងគេបំផុតនៅក្នុងចំនោមប្រទេសអាស៊ីអាគ្នេយ៍។ នេះបើយោងតាមសារព័ត៌មាន bangkokbiznews ដែលបានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
លោក តាវីស៊ីន វិស្ណុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ករណីថ្មីទាំងអស់ខាងលើ សុទ្ធតែ ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ រួមមានការទស្សនាកីឡាប្រដាល់ ការជួបជុំនៅកន្លែងកម្សាន្តមួយកន្លែង និងការចូលរួមពិធីជួបជុំសាសនាទ្រង់ទ្រាយធំមួយ នៅក្នុង ប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះដែរ អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះថា ផ្សារទំនើប និងផ្សារទូទៅនានាក្នុងទីក្រុងនឹងសម្រេចបិទទ្វារ ដែលការបិទនេះមានរយៈពេល២២ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
គួរជម្រាបថា គិតត្រឹមពេលនេះថៃមានអ្នកឆ្លង COVID-19 សរុបទាំងអស់៥៩៩នាក់ មាន៣៦៦នាក់ កំពុងបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យ ៤៥នាក់បានចាក ចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឺ និងម្នាក់បានបាត់បង់ជីវិត ៕