TOP NEWS: ជនជាតិខ្មែរ ៣នាក់នៅកូរ៉េខាងត្បូង បានឆ្លង COVID-19

(សេអ៊ូល, កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានថ្លែងប្រាប់សារព័ត៌មាននៅមុននេះបន្តិចនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ថា មានជនជាតិខ្មែរចំនួន៣នាក់ បានឆ្លង COVID-19 នៅប្រទេសកូរ៉េ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅពេលនេះមាននារីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់ អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយ បានផ្ទុក COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ»

បើតាមលោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្តីរបស់នារីខ្មែររូបនេះត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចហើយ។

នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម៉្យុងជី នៅអ៉ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ នេះជាការបញ្ជាក់បន្ថែមពីលោក ឡុង ឌីម៉ង់។

លោកថា «បច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់នាព្រឹកនេះ»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open