ថៃ ប្រកាសបិទផ្សារគ្រប់ប្រភេទក្នុងក្រុងបើអ្នកណាហ៊ានមិនធ្វើតាម នឹងត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ
(បាងកក)៖បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានផ្សាយផ្សារទំនើប និងផ្សារទូទៅនានាក្នុងទីក្រុងនឹងសម្រេចបិទទ្វារ ដែលការបិទនេះមានរយៈពេល២២ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ។នេះបើតាម អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
លោក Aswin Kwanmuang បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុកថា៖«សម្រាប់ផ្សារទំនើបមានតែតំបន់ដែលលក់អាហារ និងទំនិញដែលត្រូវបានប្រើក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះនឹងត្រូវបើក»។
ជាមួយគ្នានេះដែរ ពហុកីឡដ្ឋានប្រដាល់ ហាងថែរក្សាសម្ផស្ស ក៏ត្រូវបានរាប់បញ្ចូលក្នុងសេចក្តីប្រកាសបិទដែរ។ ហើយប្រសិនបើអ្នកដែលត្រូវបានរកឃើញថារំលោភបទបញ្ជានោះ នឹងត្រូវប្រឈមជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ឬពិន័យជាប្រាក់រហូតដល់១០ម៉ឺនបាត។
គួរជម្រាបថា នាថ្ងៃសៅរ៌ ទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលថៃ បានប្រកាសរកឃើញអ្នកឆ្លង Covid-19 ថ្មីចំនួន៨៩នាក់បន្ថែមទៀត ដែលសរុបទាំងអស់កើនដល់៤១១នាក់ ដែលវាគឺជាអត្រាឆ្លងថ្មីប្រចាំថ្ងៃខ្ពស់ជាងគេបំផុតនៅក្នុងចំនោមប្រទេសអាស៊ីអាគ្នេយ៍។