គណៈកម្មការប្រឆាំជំងឺ COVID-19ខេត្តកំពង់ចាមបានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅស្រុកកងមាសក្រោយមានករណីឆ្លងលើជនជាតិម៉ាឡេស៊ី

(កំពង់ចាម)៖ ដោយមានការណែនាំពីប្រធានគណៈកម្មការប្រឆាំងជំងឺ Covid-19 ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមគណៈកម្មការប្រឆាំងជំងឺ Covid-19 ខេត្តកំពង់ចាម និងក្រុមការងារជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំកំចាត់មេរោគ នៅស្រុកកងមាសចំនួន ៤កន្លែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចដែលក្រុមការងារបានចុះបាញ់ ថ្នាំសម្លាប់មេរោគនោះរួមានទី១៖ វិហារខ្មែរឥស្លាម ភូមិពង្រ ឃុំរកាគយ, ទី២៖ វិហារខ្មែរឥស្លាម ភូមិសាច់សូរ ឃុំពាមជីកង, ទី៣៖ វិហារខ្មែរឥស្លាម ភូមិសំបូរមាស ឃុំពាមជីកង និងទី៤៖ ផ្ទះមួយកន្លែងទៀត ដែលជនជាតិម៉ាឡេស៊ី ចំនួន ៨នាក់ បានស្នាក់នៅក្នុងពេលដែលពួកគាត់ មកចូលរួមផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងកិច្ចការសាសនារយៈពេល ៨ថ្ងៃ។

មន្ត្រីសាលាខេត្តដដែល បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាន មន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ និងបានយកវត្ថុសំណាកពីជនជាតិម៉ាឡេស៊ី ចំនួន ៨នាក់នោះ ទៅពិនិត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាលទ្ធផលវិជ្ជមាន COVID-19 ចំនួន ០៧នាក់ និងអវិជ្ជមាន COVID-19 ម្នាក់។

ដោយពិនិត្យឃើញបញ្ហាខាងលើនោះ និងឆ្លើយតបតាមសំណូមពរពីបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចឱ្យក្រុមការងារ និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅគ្រប់គោលដៅដែលមានការពាក់ព័ន្ធ និងផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋដែលនៅ ភូមិ/ឃុំខាងលើនោះ ក្នុងគោលបំណងការពារសុខសុវត្ថិភាព ជូនពួកគាត់ និងស្រាវជ្រាវពិនិត្យមើលប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលឱ្យពួកគាត់ទាំងនោះ ស្ថិតនៅមួយកន្លែង ងាយស្រួលដល់ការគ្រប់គ្រងតាមដាន នៃការវិវត្តន៍ពីសុខភាពរបស់ពួកគាត់ រយៈពេល១៤ថ្ងៃ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds