ប្រទេសជប៉ុន បានកើនអ្នកឆ្លង COVID-19 នៅលើស១,០០០ករណី រីឯអ្នកស្លាប់មាន៤៣នាក់
(ជប៉ុន)៖ បើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន ស៊ីហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ ២០២០ថា អាជ្ញាធរសុខាភិបាលជប៉ុនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសជប៉ុនបានឡើងដល់ ១,០១៦ករណីហើយ គិតត្រឹមថ្ងៃសុក្រម្សិលមិញ ហើយតួលេខអ្នកស្លាប់គឺ៤៣នាក់។
យោងតាមស្ថិតិចុងក្រោយពីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានជប៉ុន បានឲ្យដឹងថា ក្នុងចំណោម១,០១៦ករណីខាងលើ គឺភាគច្រើនស្ថិតនៅក្នុងខេត្ដហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ដែលមានចំនួនអ្នកឆ្លង១៥៨ករណី បន្ទាប់មកខេត្ដអៃឈី (Aichi) មាន១៣៩ករណី, ទីក្រុងតូក្យូ (Tokyo) ១២៩ករណី, ទីក្រុងអូសាកា (Osaka) ១២៣ករណី, ខេត្តហ៊ីយូកូ (Hyogo) ១០១ ករណី និងកាណាហ្គាវ៉ា (Kanagawa) ៦៨ករណី។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នមានអ្នកជំងឺសរុបចំនួន៦១នាក់ គឺកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកដែលបានជាសះស្បើយពីជំងឺនេះវិញ បានកើនដល់៧៦៦នាក់។ តួលេខអ្នកឆ្លងខាងលើ គឺមិនគិតករណីនៅលើកប៉ាល់ Diamond Princess នោះទេ ប៉ុន្តែតួលេខអ្នកស្លាប់គឺបានរាប់បញ្ចូល ដោយក្នុងចំណោមអ្នកស្លាប់ទាំង៤៣នាក់នោះ មាន៨នាក់ជាអ្នកជំងឺមកពីកប៉ាល់ Diamond Princess។ សម្រាប់តួលេខអ្នកដែលឆ្លងលើកប៉ាល់ទេសចរណ៍ខ្នាតធំនេះ គឺ៧១២នាក់៕