ក្រុមគ្រូពេទ្យរបស់ចិន ជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ចាប់ផ្តើមចាកចេញពី Hubei ក្រោយពី គ្មានករណីអ្នកឆ្លងថ្មី សូម្បីតែម្នាក់
(ប៉េកាំង)៖ ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្ត ដែលត្រូវបានបញ្ជូនពីបណ្តាខេត្តជាច្រើននៃប្រទេសចិន ទៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលនូវជំងឺ COVID-19 ក្នុងប្រទេសនេះ ឥឡូវបានចាប់ផ្តើមចាកចេញពី ខេត្តភាគកណ្តាលចិនមួយនេះ ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញជាបណ្តើរៗហើយ ស្របពេលដែលការរាតត្បតនៅក្នុងប្រទេសចិន កាន់តែធូរស្រាលខ្លាំងមែនទែន។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។
នៅពេល COVID-19 បានចាប់ផ្តើមផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុង វូហាន (Wuhan) នៃខេត្ត Hubei ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្តនៅតាមខេត្តដទៃៗទៀត រាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់ខេត្ត Hubei ដែលជាសមរភូមិជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ ជាពិសេសកាលពីកំឡុងខែកុម្ភៈតែម្តង ជាពេលដែលករណីឆ្លង និងស្លាប់នៅក្នុងប្រទេសចិន ជាពិសេសក្នុងខេត្ត Hubei ផ្ទាល់ បានកើនឡើងឥតឈប់ឈរ និងយ៉ាងឆាប់រហ័ស។
គួរជម្រាបថា យ៉ាងណាមិញ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ COVID-19 ទីបំផុតនៅក្នុងខែមីនានេះ ចិនក៏ទទួលបានពន្លឺនៃភាពជោគជ័យ នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងជំងឺនេះ។ បន្ទាប់ពីមានករណីឆ្លង និងស្លាប់ថ្មីច្រើនខ្លាំង ចាប់តាំងតែពីចុងខែមករា កាលពីថ្ងៃពុធសប្តាហ៍នេះ នៅក្នុងប្រទេសចិនគ្មានករណីឆ្លងផ្ទាល់ នៅក្នុងប្រទេសសូម្បីតែម្នាក់ ដោយមានតែករណីនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់)។
ទោះបីជាបែបនេះក្តី បុគ្គលិកយោធាជួរមុខមួយចំនួនទៀត នៅតែបន្តប្រតិបត្តិការនៅវូហានដដែល ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងថ្មីៗ និងព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ។ នាពេលនេះ អ្វីដែលចិនកំពុងតែព្រួយបារម្ភគឺជានាំចូលជំងឺ COVID-19 ពីក្រៅប្រទេសចូលទៅវិញ ជាពិសេសពីខាងទ្វីបអឺរ៉ុប ដែលកំពុងបន្តមានរីករាលដាលខ្លាំង ហើយបានក្លាយជាចំណុចកណ្តាលថ្មី នៃការរាតត្បាតរបស់ជំងឺ COVID-19៕