ម្តាយលោក អេ ភូថង ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ក្រោយជាប់ពន្ធនាគារអស់រយៈពេល៧ឆ្នាំ៩ខែ
(ភ្នំពេញ)៖ទណ្ឌិតជាស្រ្តីឈ្មោះ អ៊ុត អន ដែលគេដឹងថា ជាម្តាយរបស់លោក អេ ភូថង មានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បាននូវការលើកលែងទោសពីព្រះមហាក្សត្រ ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នេះបើតាមទំព័រហ្វេសបុកផ្លូវការបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយមុននេះ។
ទណ្ឌិត អ៊ុត អន ត្រូវបានចាប់ខ្លួនអំឡុងឆ្នាំ ២០១២ និងចោទប្រកាន់ពីបទលក់មនុស្សសម្រាប់ឆ្លងដែន។តាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គសមក កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំដោយផ្ទាល់ទៅសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់នូវការលើកលែងទោសដល់ស្ត្រីមួយរូបឈ្មោះ អ៊ុត អន អាយុ ៥៨ឆ្នាំជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ម២ ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយស្រ្តីរូបនេះ បច្ចុប្បន្នកំពុងមានជម្ងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។
តាមរយៈការចុះពិនិត្យនិងជួបផ្ទាល់ជាមួយស្រ្តីរូបនេះនៅមណ្ឌលអប់រំកែប្រទី២ ម២ ក្រុមការងារ គសមក សង្កេតឃើញថា ស្ថានភាពជំងឺរបស់ស្រ្តីជាប់ឃុំរូបនេះពិតជាធ្ងន់ធ្ងរដូចការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារមែន
ហើយករណីស្រ្តីនេះក៏មានសាលដីការសា្ថពរចេញដោយសាលាឧទ្ធរណ៍រួចហើយដែរកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ផ្តន្ទាទោស ០៨ឆ្នាំ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបានឃុំខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មកម្ល៉េះ ដូច្នេះការអនុវត្តទោសក្នុងពន្ធនាគារនៅសល់ប្រហែលជា៣ខែទៀតប៉ុណ្ណោះ ដោយគិតពីថ្ងៃឃុំខ្លួន។
ការស្នើត្រង់ដោយផ្ទាល់ទៅសម្តេចតេជោ ក្នុងករណីនេះ គឺដើម្បីផ្តល់ឱកាសដល់ស្រ្តីជាប់ឃុំរូបនេះ ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រទី២ ម២ ដែលបានផ្តល់នូវកិច្ចសហការក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌នេះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានគោរពថ្លែងអំណរគុណជាអនេកជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកាយវិការនិងទឹកចិត្តមនុស្សធម៌ ដែលជាមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតរកអ្វីប្រៀបប្រដូចពុំបាន ដែលសម្តេចតែងតែមានចំពោះជនគ្រប់រូបនិងជាពិសេសការយកចិត្តទុកដាក់និងគាំទ្រដោយផ្ទាល់របស់សម្តេចដល់ការងារនិងបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕