ឥណ្ឌូណេស៊ីប្រកាសរកឃើញអ្នកឆ្លង COVID-19 រហូត ៣០៩ករណី ក្នុងនោះ២៥នាក់ស្លាប់
(ហ្សាការតា)៖ ឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៨២ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៣០៩នាក់។ នេះបើតាមមន្ត្រីសុខាភិបាលម្នាក់ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
លោក អាកម៉េដ យូរៀនតូ (Achmad Yurianto) ជាមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីក៏បានបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ក៏បានហក់ឡើងដល់ ២៥នាក់ផងដែរ ក្រោយអ្នកជំងឺ COVID-19 ០៦នាក់ត្រូវបានគេទទួលស្គាល់ថា បានបាត់បង់ជីវិត។ លោកបន្តថា ក្នុងចំណោមអ្នកស្លាប់ភាគច្រៀន ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីហ្សាការតា។ ខេត្តមួយចំនួនទៀតដូចជា ជ្វាខាងលិច (West Java), ជ្វាខាងកើត (East Java) និងខេត្តរីអូ (Riau Islands) សុទ្ធតែបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីរៀងៗខ្លួន ខណៈអ្នកជំងឺ ១៥នាក់បានជាសះស្បើយ៕