លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ថវិកាជាតិ១០០ពាន់លានដុល្លារ ដើម្បីសង្គ្រោះអាមេរិកពីវិបត្តិនៃការរាតត្បាត COVID-19

(អាមេរិក)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើច្បាប់អនុញ្ញាត ឲ្យបញ្ចេញកញ្ចប់ថវិកាសង្គ្រោះបន្ទាន់មួយ ដែលមានទឹកប្រាក់ ១០០ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបបញ្ហានានា ដែលបង្កឡើងដោយ COVID-19។

សូមបញ្ជាក់ថា កញ្ចប់ថវិកាសង្រ្គោះបន្ទាន់ខាងលើ នឹងផ្តល់ជូនសម្រាប់ការធ្វើតេស្ត COVID-19 ដោយឥតគិតថ្លៃ, ការបង្កើនការធានារ៉ាប់រងភាពអត់ការងារធ្វើ, ជំនួយស្បៀងអាហារ, ព្រមទាំងការផ្តល់ប្រាក់ខែ សម្រាប់ការឈប់សម្រាកពីការងារជាដើម ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺរាតត្បាតសកល COVID-19។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើច្បាប់ ស្តីពីការឆ្លើយតបនឹងជំងឺកូរ៉ូណាវីរុស។ ច្បាប់នេះនឹងផ្តល់ជំនួយបន្ទាន់បន្ថែមទៀត ដើម្បីជួយប្រទេសជាតិក្នុងការឆ្លើយតប ទៅនឹងការផ្ទុះឡើងនៃវីរុសនេះ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds