UPDATE:ទីតាំងលក់ឪសថស្ថានមួយកន្លែងនៅម្តុំផ្សារអូរឡាំពិច លក់អាល់កុលលាងដៃក្លែងក្លាយ មានជាតិមេតាណុល គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព
(ភ្នំពេញ)៖ យោងតាមហ្វេសបុករបស់លោក លោក គង់ វុទ្ធី អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបង្ហោះឲ្យដឹងពីការចុះទៅត្រួតពិនិត្យឪសថស្ថាន បានដាក់លក់អាល់កុលលាងដៃក្លែងក្លាយធ្វើឲ្យប៉ះពាល់សុខភាពប្រជាជន ដោយលោកបានសរសេររៀបរាប់ថា៖ អាល់កុលដែលមានមេតាណុលចំនួន 4ពីដុងស្មើ 20 លីត្រ ត្រូវបានដកហូត សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលអាល់កុលណាដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់ សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការវីរុសCovid-19។
គួរបញ្ជាក់ថាតាមវេបសាយ Hello គ្រូពេទ្យ បានឲ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលរកឃើញថា អាល់កុលដែលបាន និងកំពុងចរាចរលើទីផ្សារ ភាគច្រើនមិនមែនជាប្រភេទអាល់កុលធម្មតា (អេទីលអាល់កុល) ដែលមានមុខងារប្រើប្រាស់សម្រាប់លាងសម្អាតដៃ បង្ការការចម្លងមេរោគទេ។ ផ្ទុយទៅវិញអាល់ទាំងនោះ ជាសារធាតុមេតាណុល ដែលមានបរិមាណខ្ពស់រហូតដល់ ៨០%។
ការលាងសម្អាតដៃដោយប្រើអាល់កុលដែលមានកម្រិតមេតាណុលបែបនេះអាចចូលទៅក្នុងស្បែក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ពិសេសដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក និងអាចបង្កគ្រោះថ្នាក់ដល់ស្លាប់ បើសិនយកទៅប្រើលាយធ្វើជាភេសជ្ជៈគ្រឿងស្រវឹងផ្សេងៗ។ នាយកដ្ឋានកាំកុងត្រូលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋកំពុងត្រូវការផលិតផលប្រើសម្រាប់លាងសម្អាតដៃ ដើម្បីកម្ចាត់មេរោគ ពិសេសវីរុស COVID-19 មានអាជីវករមួយចំនួនបានលួចនាំចូល និងចែកចាយផលិតផលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញា និងប្រភពច្បាស់លាស់។