អគ្គនាយកដ្ឋានកាំកុងត្រូល៖អាល់កុលដាក់លក់នៅទីផ្សារភាគច្រើនមានជាតិមេតាណុលខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត
ភ្នំពេញ៖ ដោយសង្កេតឃើញថា មានអាជីវករមួយចំនួន បានលួចនាំចូល និងចែកចាយនូវផលិតផលអាល់កុលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញា និងប្រភពច្បាស់លាស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីណែនាំថា ប្រជាពលរដ្ឋមេត្តាកុំទិញផលិតផលអាល់កុល ដែលគ្មានស្លាកសញ្ញា និងមិនមានបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីលាងសម្អាតកម្ចាត់មេរោគ ឬវីរុសកូវីដ១៩ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
ក្នុងសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ការចរាចរ ចែកចាយ និងទិញផលិតផលអេទីលអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រើប្រាស់សម្រាប់លាងសម្អាតដៃបង្ការការចម្លងវីរុសកូរ៉ូណាថ្មី (Covid-19)
តាមរយៈការធ្វើអង្កេតរបស់មន្ត្រីជំនាញ និងយោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញថា អាល់កុលដែលបាន និងកំពុងចរាចរលើទីផ្សារ ទាំងនោះភាគច្រើន គឺមិនមែនជាប្រភេទអាល់កុលធម្មតា
(អេទីលអាល់កុល) ដែលមានមុខងារប្រើប្រាស់សម្រាប់គោលបំណងលាងសម្អាតដៃ ប៉ុន្តែគឺជាសារធាតុមេតាណុល ដែលមានបរិមាណខ្ពស់រហូតដល់ ៨០% ។
អគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យដឹងថា សារធាតុមេតាណុលនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមានការយកទៅប្រើប្រាស់លាយធ្វើជាភេសជ្ជៈគ្រឿងស្រវឹងផ្សេងៗ។
អគ្គនាយកដ្ឋានកាំកុងត្រូល បានណែនាំថា រាល់ការនាំចូល និងចែកចាយផលិតផលអាល់កុល សម្រាប់ប្រើប្រាស់ ត្រូវដាក់ស្លាកសញ្ញា មានបញ្ជាក់ពីប្រភព អាសយដ្ឋានអ្នកចែកចាយ ឬដាក់លក់ និងមានឈ្មោះផលិតផល ព្រមទាំងកម្រិតអាល់កុលគិតជាភាគរយនៃអេទីលអាល់កុល ឱ្យបានត្រឹមត្រូវ៕