ក្រុមហ៊ុន Facebook ទទួលកំហុស លើការលុប Post ពាក់ព័ន្ធ COVID-19 និងប្រធានបទផ្សេងៗទៀត ប៉ុន្តែឥឡូវនេះអ្វីៗត្រូវបានដោះស្រាយ
(អាមេរិក)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Facebook បានទទួលស្គាល់ថា មានបញ្ហា Error មួយនៅក្នុងប្រព័ន្ធប្រឆាំងសារ Spam (ព័ត៌មានក្លែងក្លាយ) ស្វ័យប្រវត្តិរបស់ខ្លួន គឺជាមូលហេតុនៅពីក្រោយការបិទព័ត៌មានពាក់ព័ន្ធនឹងប្រធានបទជាច្រើន រួមទាំង COVID-19 ប៉ុន្តែអ្វីៗបានវិលទៅរកសភាពដើមវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
នាយករងម្នាក់របស់ Facebook គឺលោក ហ្គាយ រ៉ូសិន (Guy Rosen) បានលើកឡើងដូច្នេះថា «យើងបានស្តារការបង្ហោះ (Post) ទាំងអស់ ដែលត្រូវលុបចោលឡើងមកវិញហើយ ដែលរួមមានទាំង Post ទាំងទងនឹងប្រធានបទជាច្រើន មិនមែនតែ COVID-19 នោះទេ។ អ្វីដែលនៅពីក្រោយបញ្ហានេះ គឺជាកំហុសបច្ចេកទេសមួយ (Error) នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិរបស់យើង ដែលមានតួនាទីរាំងខ្ទប់ និងលុបចោលលីង (Link) វែបសាយទាំងឡាយណា ដែលល្មើសគោលការណ៍របស់បណ្តាញសង្គមយើង ប៉ុន្តែដោយសារតែភាព Error វាក៏បានស្រាប់តែបានលុបចោល Post ដែលត្រឹមត្រូវ ជាច្រើនផ្សេងទៀតផងដែរ»។
គួរជម្រាបថា បញ្ហាខាងលើបានប៉ះពាល់ទាំងទៅលើកម្មវិធី Facebook និង Instagram ប៉ុន្តែអ្វីៗបានវិលទៅរកសភាពដើមវិញហើយ ក្រោយពីមានការរាយការណ៍ជាច្រើនករណី ពីបណ្តាអ្នកប្រើប្រាស់ទូទាំងពិភពលោក ដើម្បីទាមទារឲ្យក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិកមួយនេះ ធ្វើការកែតម្រូវឡើងវិញនោះ៕