ក្រុមភេរវករISISក៏ខ្លាចCOVID-19ដែរ ដោយណែនាំសមាជិកកុំឲ្យទៅអឺរ៉ុប និងត្រូវចេះរក្សាអនាម័យជាប់ជានិច្ច
បើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះបានឲ្យដឹងថា ការអំពាវនាវ នៅក្នុងអត្ថបទមួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ISIS ឈ្មោះ អាល់ណាបា (al-Naba) ដែលធ្លាប់តែលើកទឹកចិត្តឱ្យក្រុមសកម្មប្រយុទ្ធរបស់ ខ្លួនដឹកនាំការវាយប្រហារលើប្រឆាំងលោកខាងលិច។ ក្រៅតែអំពាវនាវឱ្យបញ្ឈប់ការធ្វើដំណើរទៅកាន់អឺរ៉ុប al-Naba ក៏បានជំរុញផងដែរឱ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ថែរក្សាអនាម័យជាប្រចាំ លាងដៃឱ្យបានញឹកញប់ ហើយបើកណ្ដាស ឬក្អកត្រូវខ្ទប់មាត់ ឬក៏ច្រមុះឱ្យបានល្អ។ បន្ថែមពីលើនេះ ក្រុមសកម្មប្រយុទ្ធណាម្នាក់ដែលមានរោគសញ្ញា ឬសង្ស័យថាឆ្លង COVID-19 ត្រូវតែស្ថិតនៅឱ្យឆ្ងាយពីតំបន់ឬដែនដីដែល ISIS កំពុងធ្វើសកម្មភាព និងគ្រប់គ្រង។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានករណីឆ្លង COVID-19 តិចតួច ត្រូវបានគេរាយការណ៍នៅក្នុងបណ្ដាប្រទេសអាហ្វ្រិក ជាទីដែល ISIS កំពុងធ្វើសកម្មភាព ខណៈប្រទេសយ៉េមែន និងស៊ីរី មិនទាន់មានសេចក្ដីរាយការពីករណីឆ្លងនៅឡើយទេ។ តែយ៉ាងណាក៏ដោយ ករណីឆ្លង COVID-19 មួយចំនួនត្រូវបានរាយការណ៍ នៅតាមប្រទេសដែលក្រុមភេរវករមួយនេះកំពុងធ្វើសកម្មភាព ដូចជា អាហ្វហ្គានីស្ថាន អាល់ហ្សេរី អេហ្ស៊ីប ឥណ្ឌា ឥណ្ឌូណេស៊ី អ៉ីរ៉ាក់ និងហ្វីលីពីនជាដើម៕