USAID បានផ្ដល់ថវិកាជំនួយដល់ប្រទេសកម្ពុជា ចំនួន២លានដុល្លារសម្រាប់ប្រើប្រាស់ទប់ស្កាត់កូវីដ១៩
(ភ្នំពេញ)៖ រដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្ដល់ថវិកាជំនួយដល់ប្រទេសកម្ពុជា ចំនួន២លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរីករាលដាល នៃវីរុសរាតត្បាតកូវីដ១៩។ នេះបើតាមការជូនដំណឹងរបស់ USAID តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារជំនួយអាមេរិក បានឲ្យដឹងយ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត កូវីដ១៩ និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយចំនួន២លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍»។
គួរជម្រាបថា ទីភ្នាក់ងារជំនួយអាមេរិក តែងចូលរួមធ្វើការ និងផ្ដល់ជំនួយមករាជរដ្ឋាភិបាលកម្ពុជាជាបន្ដបន្ទាប់ ដែលផ្ដោតសំខាន់លើការពង្រឹងវិស័យថែទាំ សុខភាពសាធារណៈនិងឯកជន ដើម្បីផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព ក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ៕