ពេលទៅលេងបុណ្យទន្លនៅបាត់ដំបង តើភ្ញៀវទេសចរអាចបន្តទៅលេងកន្លែងណាខ្លះទៀត?(មានវីដេអូ)
(បាត់ដំបង)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃសុក្រ ០៥ រោច ដល់ថ្ងៃអាទិត្យ ០៧ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។
នាឱកាសទៀតទស្សនាកម្សាន្តពិធីបុណ្យខាងលើនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋច្បាស់ជាឆ្ងល់ហើយថា បុណ្យទន្លេឆ្នាំនេះមានអ្វីប្លែកខ្លះ មានរៀបចំពិធីអ្វីខ្លះ ហើយអាចបន្តទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍ណាខ្លះទៀត?
ចម្ងល់នេះត្រូវបានឯកឧត្តម ជួន ជ័យសត្យា ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍ ពន្យល់យ៉ាងដូច្នេះថា ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃខាងមុខនេះ មានសម្មភាពកម្សាន្តជាច្រើនដូចជាកីឡាប្រណាំងកង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់លក្ខណអន្តរជាតិដណ្តើមខ្សែក្រវាត់ និងកីឡាមួយចំនួនទៀត ការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបរទេស និងមហោស្របម្ហូបអាហារជាដើម។
ឯកឧត្តម ជួន ជ័យសត្យា បានបន្ថែមទៀតថា ក្រៅពីសកម្មភាពទាំងអស់ក្នុងពិធីបុណ្យទន្លេនេះ គោលដៅទេសចរណ៍ជាច្រើននៅខេត្តបាត់ដំបង បានតៀមខ្លួនរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋ ដែលក្នុងនោះមានដូចជារៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេសតំបន់អគារបេតិកភណ្ឌក្នុងក្រុងបាត់ដំបង ភ្នំសំពៅ ភ្នំបាណន់ និងជិះឡូរីកម្សាន្ដតាមជើងភ្នំ រូងប្រចៀវ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដូចជាប្រាសាទឯកភ្នំ សហគមន៍ទេសចរណ៍មួយចំនួនទៀត។
ឯកឧត្តមបានបន្តទៀតថា ក្រសួងទេសចរណ៍ក៏បានរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានតម្លៃសមរម្យរយៈពេល ៤ថ្ងៃ (៣យប់) ក្នុងកំលុងពេលពិធីបុណ្យទន្លេ គឺចាប់ពីថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០២០ ទៅកាន់តំបន់គោលដៅទេសចរណ៍នានា។ ចំពោះព័ត៌មានបន្ថែមពីគោលដៅទេសចរណ៍ជាច្រើនទៀតរបស់ខេត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិអាចស្វែងរកបាននៅមណ្ឌលព័ត៌មានទេសចរណ៍របស់ខេត្ត។ ឯកឧត្តម ជួន ជ័យសត្យា បានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ចូលរួមក្នុងពិធីបុណ្យទន្លេឱ្យបានច្រើនកុះករ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព ក៏ដូចជាចូលរួមថែរក្សាអនាម័យ បរិស្ថានឱ្យមានល្អ៕