លោក ពេជ្រ ស្រស់ ស្នើរាជរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកង ដើម្បីទប់ស្កាត់កូវីត១៩
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរាជរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកង(វិស្សមកាល) ដើម្បីទប់ស្កាត់កូវីត១៩។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ។
លោកបានសរសេរថា «សាលារៀនវ៉ាកងហើយ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកងផងដែរពីព្រោះកន្លែងKTVគឺងាយឆ្លងអារោគCOVID-19នឹងណាស់ហើយក៏ដើម្បីថែរក្សាសុខភាពនារីបម្រើការងារនៅទីនោះដែរជាពិសេសកាត់ចំណាយរបស់បុរសៗក្នុងការទប់ទល់នឹងជំងឺឈ្លោះគ្នាក្នុងផ្ទះ។»
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន (វិស្សមកាលតូចមុនកាលកំណត់) នៅសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាលារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញជាបន្តបន្ទាប់ នូវជំងឺ Covid-19 លើជនបរទេសមួយចំនួន ហើយជាវិធានការការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលនជំងឺដ៏សាហាវនេះ៕