BREAKING NEWS: មនុស្សស្លាប់នៅអ៉ីតាលី កើនរហូតដល់១,០១៦នាក់ ដោយសារCOVID-19
(រ៉ូម)៖ ប្រទេសអ៉ីតាលីបានបង្ហាញសញ្ញាកាន់់តែធ្ងន់ធ្ងរបន្ថែមទៀត ដោយសារតែការវាយប្រហារនៃវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈចំនួនមនុស្សស្លាប់ បានកើនឡើងយ៉ាងគំហុកដល់ ១,០១៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១៥,១១៣ករណី និងក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនាពេលបច្ចុប្បន្ន ដោយសារជំងឺរាតត្បាតសកលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលអ៉ីតាលី នៅរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ១៨៩នាក់បន្ថែមទៀតបានស្លាប់ និងឆ្លងជាង ២,៦៥០នាក់ឯណោះ។ តួលេខឆ្លង និងស្លាប់ប្រចាំថ្ងៃនៅអ៉ីតាលីហាក់ដូចជាគ្មានសញ្ញាបញ្ឈប់បាននោះឡើយ នៅក្នុងប្រទេសដែលមានប្រជាជនជាង ៦០លាននាក់មួយនេះ។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះរដ្ឋាភិបាលអ៉ីតាលី បានសម្រេចបិទប្រទេសទាំងមូលតែម្តង ដោយបានណែនាំប្រជាជន ឲ្យព្យាយាមស្នាក់នៅក្នុងផ្ទះកុំចេញទៅណា ដើម្បីសុវត្ថិភាព ខណៈមនុស្ស ២,១៦២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារតែបានបំពានបំរាមនេះ។ ដោយឡែកបណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោក ក៏បានដាក់ការរឹតបន្តឹង ការធ្វើដំណើរជាមួយអ៉ីតាលីផងដែរ ដោយស្ថិតក្នុងន័យទប់ស្កាត់វីរុសកូរ៉ូណាថ្មី (COVID-19) មិនឲ្យឆ្លងដល់ពួកគេ៕