ខ្លាចមានCovid-19? ស្ត្រីម្នាក់បានសន្លប់ក្នុងរថយន្តតាក់ស៊ីបេនឡានផ្សារដើមគ គ្មាននរណាហ៊ានអើពើឡើយ
(ភ្នំពេញ)៖ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះបានធ្វើដំណើរដោយជិះរថយន្តតាក់ស៊ីពីស្រុកកំណើតមករកទិញឥវ៉ាន់លក់នៅផ្សារដើមគ និងបើកថ្នាំនៅមន្ទីពេទ្យមួយកន្លែង។ បន្ទាប់ពីគាត់បានទិញឥវ៉ាន់លក់និងបើកថ្នាំរួចមក គាត់ក៏បានឡើងទៅអង្គុយក្នុងរថយន្តមួយសន្ទុះក្រោយមកដោយសារតែសភាពហេវហត់ខ្លាំងពេកទើបធ្វើអោយគាត់សន្លប់ក្នុងរថយន្តតែម្តង នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅចំណុចប៉េនឡានផ្សារដើមគក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុន សយ អាយុ៤០ឆ្នាំ ស្រុកកំណើរនៅស្រុកបាត់ដឹង ខេត្តកណ្តាល។
ប្រភពបន្តថា ពេលឃើញសភាពស្ត្រីរងគ្រោះសន្លប់បែបនេះអ្នកបើករថយន្តតាក់ស៊ីមានការភ័យខ្លាចគាត់មានជម្ងឺ(Covid-19) ក៏ទុកគាត់ចោលនិងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។ បន្ទាប់ពីគ្មាននរណាអើពើ លោក គៀង ចក់ ប្រធានផ្សារដើមគរពេលបានទទួលដំណឹងនេះលោក និងក្រុមការងារបានទៅជួយយកគាត់ចេញពីឡានហើយនាំទៅអោយគ្រូពេទ្យពិនិត្យនៅគ្លីនិកមួយកន្លែងពិនិត្យបានមួយសន្ទុះគាត់ក៏ដឹងខ្លួនវិញ។
បន្ទាប់ពីដឹងខ្លួនវិញហើយស្រ្តីរងគ្រោះបានប្រាប់អ្នកសារព័ត៌មាន និងខាងផ្សារឲ្យដឹងថា ដោយសារតែគាត់ហេវហប់ពេកនៅក្នុងឡានក្តៅហប់ ហើយយប់មិញគាត់សម្រានអត់គ្រប់គ្រាន់ថែមទៀត ទើបគាត់អស់កម្លាំងសម្រាកក្នុងឡានតាក់ស៊ីដែលគាត់បានជិះនោះទៅស្រាប់តែដឹងខ្លួនវិញគេរត់ចោលគាត់អស់។ ចុងក្រោយស្ត្រីរងគ្រោះបានថ្លែងអំណរគុណដល់ខាងផ្សាដើមគ និងអាជ្ញាធរមានសមត្ថកិច្ចដែលបានជួយនាំគាត់មកមន្ទីពេទ្យ។ ក្រោយពីដឹងខ្លួនជាធម្មតាវិញស្ត្រីរងគ្រោះបានធ្វើដំណើរទៅស្រុកកំណើតវិញ៕