អបអរសាទរ! កូនខ្មែរបាត់ដំបងម្នាក់ បានក្លាយជាអគ្គនាយក IT ប្រាក់ខែរាប់ម៉ឺនដុល្លារ នៅឌូបៃ

ការ​ខិតខំ​ប្រឹងប្រែង​ពី​ជំនួយការ IT កាន់​ Internet Cafe ផ្នែក​ Network ពី​ខ្មែរ រហូត​ក្លាយ​ជា​បុគ្គលិក​ឆ្នើម ទទួល​បាន​ការ​កោត​សរសើរ​ ដំឡើង​តួនាទី​ច្រើន​ដង រហូត​ដល់​កៅអី “អគ្គនាយកព័ត៌មានវិទ្យា” នៅ​បរទេស​ ពិត​ជា​រឿង​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។ ឱកាស សមត្ថភាព បូក​ផ្សំ​​ការ​សម្រប និង​ការវិវឌ្ឍន៍​ខ្លួន បាន​រុញ​ច្រាន​ឲ្យ​យុវជន​មក​ពី​ខេត្ត​បាត់ដំបង គិត ពិនវិជ័យ​វិសេស ក្លាយ​ជា​បុគ្គល​គំរូ និង​ជោគជ័យ​ម្នាក់​ពី​កម្ពុជា​នៅ​ដែនដី​សេដ្ឋប្រេង។ តួនាទី​ជា Director of IT របស់ វិសេស បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដែល​បម្រើ​សេវាកម្ម​ខាង​សណ្ឋាគារ មាន​រាប់​ពាន់​បន្ទប់ មាន​ឈ្មោះ​ថា Madinat Jumeirah Resort ស្ថិត​នៅ​ក្រុង ឌូបៃ ប្រទេស​អារ៉ាប់រួម។

មុន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ(២០០០-២០០៤)៖ ជា​និស្សិត​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដោយ​ជីវភាព​មិន​ធូរធារ វិសេស បាន​ចេញ​ប្រឡូក​ការងារ ដូរ​បាយ និង ផ្គត់ផ្គង់​ថ្លៃ​សិក្សា តាំង​ពី​ឆ្នាំ​ទីពីរ (២០០២)។ គ្រា​នោះ​គេ​ធ្វើ​ការ​យប់ ជា​Technician នៅ​ហាង​អ៊ិនធឺណិត មួយ​កន្លែង​នៅ​ភ្នំពេញ មាន​កុំព្យូទ័រ​ល្បាក់ ៣០គ្រឿង ជំនាន់ Skype ល្បី​ខ្លាំង។

ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្ដម (២០០៤) គេ​បាន​សម្រេច​ចិត្ត​ប្ដូរ​ការងារ​ទៅ​សៀមរាប ជា “ជំនួយការ IT” ទទួល​ខុស​ត្រូវ​ផ្នែក​រៀបចំ ដំឡើង និង​ថែទាំ ​រចនាសម្ព័ន្ធ​ប្រព័ន្ធ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Le Meridien, Starwood Hotels & Resorts ។ គុណភាព​ការងារ បាន​ពី ការ​ខិតខំ​ប្រឹងប្រែង ធ្វើ​ឲ្យ​គេ​ជាប់​ជា “បុគ្គលិកឆ្នើម” រហូត​ទៅ​ទទួល​លិខិត​សរសើរ​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ត្បិត​បាន​ការងារ ២កន្លែង​ហើយ តែ​ប្រាក់​ចំណូល ដូច​មិន​ច្រើន​ដល់​ការ​រំពឹង​ទុក និស្សិត​រូប​នេះ ក៏​បែក​គំនិត​ចង់​រៀន និង​បាន​ការងារ​ល្អ នៅ​ក្រៅ​ប្រទេស ក្រែង​បាន​ចំណូល​ល្អ។

បញ្ចប់​ឈ្មោះ​ជា​និស្សិត និង​ជាប់​ការងារ​នៅ​បរទេស៖

តាម​ផ្លូវ​បញ្ចប់​ការ​សិក្សា(២០០៤) និង​ការ​ត្រៀម​ខ្លួន​ បំពាក់បំប៉ន​សមត្ថភាព​ទាំង​ជំនាញ និង​ភាសា​បាន​អូស​បន្លាយ​គេ រហូត ៣ ឆ្នាំ​កន្លះ។

ជោគជ័យ​ការងារ​ក្រៅ​ប្រទេស៖

ពាក់​កណ្ដាល​ ឆ្នាំ ២០០៧ ទើប​ជាប់​ការងារ​នៅ​ប្រទេស​អារ៉ាប់រួម នៅ​ក្រុង Abu Dhabi។ ចំពោះ​ហេតុផល​ដូច​បាន​បញ្ជាក់​ខាង​លើ ក្រៅ​ពី​សមត្ថភាព និង​ការ​ទទួល​ស្គាល់​ពី​គណៈ គ្រប់គ្រង​ សណ្ឋាគារ Le Meridien ជា​អូតែល​ផ្កាយ​ប្រាំ ហើយ​មាន​សាខា​ច្រើន​ប្រទេស។ ជា​លទ្ធផល ការ​ប្រកួត​ប្រជែង​ក៏​បាន​ផ្លែផ្កា មុន​ឈាន​ដល់​កន្លែង​ការងារ និង​ឋានៈ​បច្ចុប្បន្ន​នៅ​ឌូបៃ។ ការ​ផ្សងព្រេង ជីវិត​ឆ្ងាយ​ផ្ទះសម្បែង​ ទោះបី​ជា​ការងារ​ជិត៣ឆ្នាំ (កាល​នៅ​សៀមរាប) ​ប្រហាក់ប្រហែល​គ្នា ក៏​លក្ខខណ្ឌ​ការងារ ក្រុមការងារ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ទាមទារ​គុណភាព និង​ភាព​ច្បាស់លាស់​ច្រើន​ជាង​នៅ​កម្ពុជា​ឆ្ងាយ។

មិន​ថា​យើង​មក​ពី​ថា ឬ​ជនជាតិ​ណា​ទេ អ្វី​ដែល​យើង​រៀន ត្រូវ​រៀន​ឲ្យ​ច្បាស់ ហើយ​ធ្វើ​ឲ្យ​ល្អ​ជាង​អ្នក​បង្រៀន“។ នេះ​ជា​ទ្រឹស្ដី និង​ទស្សនៈ ដែល​តែងតែ​នៅ​ជាប់​ខ្លួន អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​សម្រាប់​សណ្ឋាគារ (Hotel System) ទៅ​ពី​បាត់ដំបង។

ប៉ុន្តែ​មក​ដល់​ដំបូងៗ លោក​ថា “ខ្លាច​គេ​ណាស់ ហើយ​ខំ​រៀន​ពី​គេ ព្រោះ​ខ្លាច​ធ្វើ​មិន​កើត“។

ផ្លែផ្កា​ការងារ៖

ធ្វើ​ការ​បាន​តែ​មួយ​ឆ្នាំ​កន្លះ​ទេ (ដើម​ឆ្នាំ ២០០៩) វិសេស​ក៏​បាន​ថ្នាក់​លើ​ពេញ​ចិត្ត​ នឹង​គុណភាព​ការងារ ហើយ​សម្រេច​ដំឡើង​តួនាទី ក្នុង​ចំណោម ក្រុមការងារ​ចម្រុះ​ជាតិសាសន៍​មក​ពី​ច្រើន​ប្រទេស។

បទពិសោធន៍ ជា​ស្លាប​អាច​ហោះ​បាន៖ បន្ទាប់​ពី​ស្គាល់​បរិបទ​ការងារ តម្រូវការ ជា​ទុន​សម្រាប់​ផ្លាស់​ប្ដូរ​កន្លែង​ធ្វើ​ការងារ ដើម្បី​បាន​ អ្វី​ដែល​កាន់​តែ​ល្អ ​និង​សមិទ្ធផល ឬ​ស្នាដៃ​ជីវិត​ កាន់​តែ​ប្រសើរ។ អារ៉ាប់រួម​ជា​ប្រទេស ដែល​ទទួល​ទេសចរ ជុំវិញ​ពិភពលោក មួយ​ឆ្នាំៗ ជិត ១៦លាន​នាក់។ ដូច្នេះ អាជីវកម្ម​ភោជនីយដ្ឋាន និង​បដិសណ្ឋារកិច្ច/សណ្ឋាគារ ពី​សំណាក់​សេដ្ឋី ប្រាក់​វាល់​លាន ជា​អាជីវកម្ម ប្រកួត​ប្រជែង​ខ្លាំង។ សម្រាប់​ការងារ និង​ការ​សម្រិតសម្រាំង​គុណភាព​ធនធាន​មនុស្ស​ផ្នែក​នេះ ក៏​ដូច​គ្នា។

ការ​ផ្លាស់​ប្ដូរ​ការងារ៖ ពី​ Le Meridien (នៅ​ក្រុង​Abu Dhabi) ទៅ​កន្លែង​ថ្មី និង​កាន់​តែ​ធំ Madinat Jumeirah Resort នៅ​ឌូបៃ បាន​ការវិវឌ្ឍន៍​ខ្លួន។ កន្លែង​ធ្វើ​ការ​ថ្មី​​នេះ លោក បាន​ឡើង​តួនាទី ចំនួន ៥ដង។ ចុង​ក្រោយ គឺ​ឡើង​ដល់​តំណែង​កំពូល Director of IT (អគ្គនាយកព័ត៌មានវិទ្យា) ​ដែល​ទទួល​ខុស​ត្រូវ​លើ​ប្រព័ន្ធ​អូតែល​ (Hotel System)ទាំង ចំនួន ៤ មាន ១ ៣០០​បន្ទប់។ ឋានៈ​នេះ ស្ថិត​ក្នុង​កម្រិត Top Management របស់​ក្រុមហ៊ុន ដឹកនាំ​ក្រុម​ការងារ ពហុជាតិសាសន៍​ ២៥នាក់ (ផ្នែកIT) ឬ​ បើ​រាប់​ឆ្លង​ផ្នែក​ទាំង​អស់ នៅ​បុគ្គលិក​ជិត ៤ពាន់​នាក់។

ចំណូល ឬ​អត្ថប្រយោជន៍​ដែល​ទទួល​បាន៖ តួនាទី ជា​ប្រធាន​នាយក ឬ​ប្រធាន​ផ្នែក ឬ​ជា​អ្នក​ជំនាញ (Expert) អាច​ទទួល​បាន​អត្ថប្រយោជន៍ ចាប់​ពី ១១ ម៉ឺន​ដុល្លារ ទៅ ១៤ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ កញ្ចប់​លុយ​ធំ​នេះ បូក​បញ្ចូល​ទាំង ប្រាក់បៀវត្សរ៍ ​ការ​ស្នាក់​នៅ (គេ​មាន​អគារ ឬ​ជួល​ឲ្យ​នៅ) សាំង​ប្រចាំ​ខែ ឬ​ឡាន​ដឹក​ជញ្ជូន (កន្លែង​នៅ ទៅ កន្លែង​ធ្វើ​ការ) និង​តម្លៃ​ធានារ៉ាប់រង។

បច្ចុប្បន្ន​លោក គិត ពិនវិជ័យ​វិសេស មាន​វ័យ ៣៦ឆ្នាំ​ហើយ។ ក្រុម​គ្រួសារ (ភរិយា និង​កូន​ប្រុស​២ ស្រី១) របស់​លោក សព្វ​ថ្ងៃ​រស់​ជុំ​គ្នា នៅ​ក្រុង​ឌូបៃ។ បុគ្គល​ដែល​គ្រប់​គ្នា​កំពុង​អាន និង​ស្ញប់ស្ញែង​នេះ ​មាន​កំណើត​កើត​ជា ពី​​​ភូមិព្រែកមហាទេព​ សង្កាត់​ស្វាយប៉ោ ​ស្រុកបាត់ដំបង ​ខេត្តបាត់ដំបង។ បន្ថែម​ពី​លើ​ជោគជ័យ​ការងារ នៅ​ឌូបៃ ដែល​Sabay ចុះ​ទៅ​យក​ព័ត៌មាន​ អំឡុង​ដំណើរ​កម្សាន្ត​ដែល​រៀបចំ​​ Emirates Airline លោក វិសេស​ និង​ក្រុម​គ្រួសារ​​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កាណាដា​ផ្តល់​​ទិដ្ឋាការស្នាក់​នៅ ​និង​​ផ្តល់ការងារក្នុងឆ្នាំ២០១៦ តាមរយៈកម្មវិធី​អ្នកជំនាញ​ផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ចំណុច​នេះ ​​វិសេស​ បាន​ព្រលយ​ប្រាប់​ Sabay ថា លោក​និង​គ្រួសារ​ ​ប្រហែលផ្លាស់​ទៅ​រស់នៅ​​ ​កាណាដា​ក្នុងប៉ុន្មាន​ឆ្នាំខាង​មុខនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds