មកស្វែងយល់ពីប្រវត្តិ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទាំងអស់គ្នា!!!

ប្រវត្តិរឿងចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពនៅព្រះពុទ្ធសាសនា លោកមានកូនប្រុសម្នាក់ឈ្មោះថា “ធម្មបាលកុមារ” ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៩ឆ្នាំ ។

សេដ្ឋីបិតាបានសាង អាស្រមមួយឲធម្មបាលកុមារដើម្បីជាការធ្វើសម្មាធិ “ធម្មបាលកុមារ”បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្ម “ទេវៈមុខ៤” ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិព្រហ្មញសាសនា។

ពេលនោះកបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតាព្រះវិស្ណុះទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាទៅគោរពព្រះពុទ្ធសាសនាវិញ!

ដើម្បីចង់ផ្ចាញ់ព្រះវិស្ណុះដែលចាប់កំណើតជាធម្មបាលកុមារ កបិលមហាព្រហ្មក៏ក្រឡាខ្លួនជាសមនៈព្រហ្ម (ពួកព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា “៣ប្រការ” ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រហ្មនេះនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មានិងកាត់ក្បាលធម្មបាលកុមារវិញ។

ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។

ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ ដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតាមនុស្ស ។

ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?

ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។

ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?

ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?

“ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ”ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។​

ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង” ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។
ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។

ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រហ្មនោះ សមនៈព្រហ្មនោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។

សមនៈព្រហ្មនោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជាកបិលមហាព្រហ្មវិញ រួចហៅទេពធីតាទាំង ៧អង្គដែលជាបុត្រីខ្លួន មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូរបុត្រីយកទៅតម្កល់នៅ (ភ្នំព្រះសុម៉ែ) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សៈទេវីដែលជាកូនច្បង ។

នាង ទុង្សៈទេវី ក៏យកពានទៅទទួលក្បាលបិតា ហើយហោះហើរហែរប្រទក្សិណភំ្នកៃឡាសចំនួន ៦០នាទីហើយក៏យកជើងពានដែលទ្រក្បាលបិតានោះទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នៃភំ្នព្រះសុម៉ែរុ នៅឯឋានសួគ៌ រួចបូជានៅគឿ្រងទិព្វផេ្សងៗ។

ក្រោយមកទេពធីតាទាំង៧អង្អ ក៏ប្រសិដ្ឋនាម ធម្មបាលកុមារថា (ព្រះពិស្ណុះការណ៍) ដោយប្រែមកថា “ព្រះវិស្សកម្មទេវបុត្រ” ហើយបានឲត្បូងកែវ ៧គ្រាប់ឈ្មោះថា “ភគវតីសភា” ទៅធម្មបាលកុមារ ។

ត្បូងពណ៌ក្រហម (ឈ្មោះថាបទុមរាជ) ឆ្លាក់ជារូបព្រះឥន្ទ្រ ព្រះកែវភ្លើង ព្រះនៃពន្លឺ ។

ត្បូងពណ៌ស្វាយ (ឈ្មោះថាបុក្តា) ដាក់ក្នុងដងព្រួញ របស់ព្រះពិស្ណុះការណ៍ ឬ ព្រះរាម ។

ត្បូងពណ៌ខៀវ (ឈ្មោះថាមោរ៉ា)ដែលចុងក្រោយ ក្លាយជារបស់នាង អរក្ខៈទេវី ទេវតាតំណាងឲផ្គរលាន់ តមករឿងព្រេង មណីមេខាលា ។​

ត្បូងពណ៌លឿង (ឈ្មោះថាពិទូរ្យ) ធ្វើជាគ្រាប់ភ្នែក ដាក់ក្នុងព្រះនេត្ររូបចម្លាក់ ព្រះសិរិអារ្យមេត្រី ដែលជាព្រះពុទ្ធចុងក្រោយនៃសាសនា របស់ព្រះពុទ្ធទាំង ៥ព្រះអង្គ ។

ត្បូងពណ៌បៃតង (ឈ្មោះថាមរកត) ឆ្លាក់ជារូបព្រះពុទ្ធអង្គព្រះកែវមរកត ។

ថ្លើមថ្មពណ៌ស (ឈ្មោះថាបុស្សរាគម័) បានកើតជាស្វា សហនុមាន ។

ត្បូងនីលពណ៌ខ្មៅ (ឈ្មោះថានិលវត័ន៍) បានកើតជាស្វាខ្មៅ ឈ្មោះ និលភ័ក្រ អ្នកនាំសាររបស់ព្រះរាម ។
ត្បូងទាំង ៧គ្រាប់តមកដំណើរ (រឿងរាមកេរ្តិ៍) នៅពេលដែលព្រះពិស្ណុះការណ៍ធំពេញវ័យ នាងកោសកល្យាណ ដែលត្រូវជាមហេសី ព្រះបាទទស្សវង្ស បានយកទ្រង់ធ្វើជាកូន ហើយនាំចូលទៅក្នុងរាជវាំងរួចតែងតាំងទ្រង់ជា ព្រះរាម ។

ជាចុងក្រោយ លុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកបិលមហាព្រហ្មដែលជាបិតាខ្លួន ចេញមកហែរប្រទក្សិណ ភំ្នកៃឡាស រាល់ៗឆ្នាំហើយត្រឡប់យកក្បាលព្រះព្រហ្មទៅទុកក្នុងគុហាគន្ធមាលី នាព្រះសុម៉ែ នាឋានទេវលោកវិញ ៕

ដកស្រង់ដោយ កែវ ច័ន្ទសុផាវរុណ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds