ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០

(ពោធិ៍សាត់)៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ស្អែកនេះហើយ។ ពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដា ព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ។ លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ។ ផ្លូវជាតិលេខ៥៥ ប្រើពេលសាងសង់ ៣៨ខែ ចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។

ផ្លូវជាតិលេខ៥៥ អាចចាត់ទុកថាជាផ្លូវដំបូងគេនៅកម្ពុជា ដែលបានសាងសង់បត់បែនឆ្លងកាត់តាមគិរីបុព្វតា និងព្រៃប្រឹក្សាខ្ពស់ទៀតាមជួរភ្នំក្រវ៉ាញ បង្កើតបានទៅជាផ្ទាំងទសនីយភាពដ៏ស្រស់ស្អាតគួរជាទីគយគន់ និងចាប់អារម្មណ៍បំផុត។ ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន នឹងប្រកាសបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែថ្មីទៀត គឺផ្លូវជាតិលេខ១០។ ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ។ ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ១០ ចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករផ្សេងៗ និងសួយសារ។
បើតាមលោករដ្ឋមន្ត្រី ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។
«មានផ្លូវ មានក្តីសង្ឃឹម» គឺជាទិសស្លោក និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឆ្ពោះទៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ដើម្បីសម្រេចផែនការតភ្ជាប់តំបន់រដ្ឋបាលរបស់កម្ពុជា ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ «មានផ្លូវ មានក្តីសង្ឃឹម» ក៏ជាទិសស្លោកមួយបង្ហាញថា មានផ្លូវ នឹងនាំដល់ក្តីសង្ឃឹមសម្រាប់ការរីកចម្រើនលូតលាស់ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ដែលបើកសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងផ្លូវជាតិលេខ១០ ដែលបើកការដ្ឋានសាងសង់ គឺជាខ្សែផ្លូវនៃសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា។
លោកបញ្ជាក់ថាផ្លូវទាំងពីរខ្សែនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ក៏ដូចជាការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ សំដៅចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍ បានឆាប់រហ័ស និងចំណាយតិច។ ជាពិសេសជាមួយប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅថ្មដា ខេត្តពោធិ៍សាត់ នៅចាំយាម ខេត្តកោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open