វិធានការគន្លឹះ ១១ចំណុច ត្រូវបានដាក់ចេញដើម្បីឲ្យអ្នកប្រើប្រាស់ដងផ្លូវចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំខ្មែរ

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:56 AM

(ភ្នំពេញ)៖  ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញវិធានការមួយចំនួន ឲ្យអ្នកប្រើប្រាស់ដងផ្លូវអនុវត្តដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

 

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដងផ្លូវ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមាន ១១ចំណុច ដូចខាងក្រោម៖

 

ទី១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។ល។ ទី២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ទី៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ទី៤៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ទី៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ទី៦៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ទី៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដាច់ខាត។ ទី៨៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។ ទី៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។ទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។ ទី១១៖ ហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ។

ទន្ទឹមគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។

ទោះយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗក្នុងករណីអ្នកប្រើប្រាស់ដងផ្លូវធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់៕

អត្ថបទ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds