ស្លាប់លោកយាយវ័យ៧០ ឆ្នាំម្នាក់ក្នុងហេតុការណ៍ អគ្គីភ័យនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម
ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមចេញពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីឆេះបន្ទប់ជួលរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម បណ្ដាលឲ្យស្លាប់លោកយាយម្នាក់អាយុជាង៧០ឆ្នាំ។
សេចក្ដីរាយការណ៍ បន្តថា ការដែលលោកយាយត្រូវអគ្គិភ័យឆេះស្លាប់នោះ ដោយសារគាត់មានវ័យជរា មិនអាចដើរបាន ហើយគាត់ត្រូវបានប្រជាពលរដ្ឋនៅទីនោះហៅថាជាម៉ែអាក្រញាញ់។ ប៉ុន្តែឈ្មោះពិតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៍ឆេះបន្ទប់ជួលរបស់ប្រជាពលរដ្ឋជាច្រើនល្វែងជាបន្តបន្ទាប់នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតមកដល់ម៉ោង១២និង៣០នាទីថ្ងៃទី០៧ ខែមីនា ទើបរលត់ជាស្ថាពរ។
ចំពោះផ្ទះ ដែលឆាបឆេះនេះ ភាគច្រើនជាផ្ទះឈើ ដែលគេសាងសង់ឡើងជាបន្ទប់ៗសម្រាប់ជួល។ ចំណែកម៉ូតូ ដែលផ្ញើនៅជាន់ខាងក្រោមនោះជាង១០០គ្រឿងវិញ ត្រូវបានជម្លៀសចេញទាន់ពេលវេលា ពុំមានការខូចខាតអ្វីនោះទេ៕