ឃាត់ខ្លួនជនជាតិនីហ្សេរីយាចំនួន៤នាក់ ក្នុងករណីចាប់ជំរិតនៅប្រទេសវៀតណាម
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវឈានដល់ឃាត់ខ្លួន ជនជាតិនីហ្សេរីយា៤នាក់ ករណីចាប់ជំរិតនៅប្រទេសវៀតណាម កាលពីទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២និង២០នាទី ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងខុនដូរឈ្មោះ មេហ្សុងរូប៊ី ដែលមានម្ចាស់ទីតាំងឈ្មោះ ឆេ ទយិន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិកូរ៉េ មុខរបរ បើកសាលារៀន ស្ថិតនៅផ្លូវ ឌួង ងៀប ក្រុមទី៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាលទ្ធផលត្រួតពិនិត្យឆែកឆេរ បានឃាត់ខ្លួនជនជាតិនីហ្សេរីយា ចំនួន០៤នាក់ ពាក់ពន្ធ័ករណីករណីចាប់ជំរិតនៅប្រទេសវៀតណាម និងសម្ភារៈដកហូតរួមមាន ៖ លិខិតឆ្លងដែន០៣ក្បាល , កុំព្យូទ័រយួរដៃ០៤គ្រឿង , ទូរស័ព្ទដៃ០៨គ្រឿង , ស៊ីមកាតមួយចំនួន , ខ្សែលោហធាតុ ពណ៌លឿង ០១ ខ្សែ , លុយរៀល១៥.០០០រៀល និងលុយដុល្លា៥ដុល្លារ , កាបូបចំនួន០២ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ បញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីអនុវត្តនីតិវិធីបន្ត៕