សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទទិដ្ឋាការហាមមិនឲ្យគ្រូហុងស៊ុយជនជាតិសិង្ហបុរីម្នាក់ចូលមកទឹកកម្ពុជាទៀត ក្រោយពីប្រមាថចំពោះរបាំព្រះរាជ្យទ្រព្យកម្ពុជា
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី
រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាដល់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យហាមជនជាតិសិង្ហបុរី ជាគ្រូហុងហ៊ុយ មិនឲ្យចូលទឹកដីកម្ពុជាក្រោយប្រមាថចំពោះរបាំព្រះរាជទ្រព្យកម្ពុជា ដោយសារតែគ្រូហុងស៊ុយរូបនេះ បានឈរ និងឲ្យអង្គុយនៅមុខរបាំព្រះរាជទ្រព្យរបស់ខ្មែរកំពុងសម្តែង ដែលសកម្មភាពបែបនេះជាការមើលងាយប្រមាថដល់របាំព្រះរាជទ្រព្យកម្ពុជា។
ផ្តើមចេញពីបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការលោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ផងដែរ៕