ម៉ិកស៊ីកូ បានប្រកាសពីការ រកឃើញករណីដំបូងនៃវីរ៉ុស COVID-19 ក្នុងប្រទេសរបស់ខ្លួន
(ម៉ិកស៊ីកូ)៖ ក្រសួងសុខាភិបាលប្រទេសម៉ិកស៊ីកូ បានអះអាង ពីការរកឃើញករណីអ្នកឆ្លងដំបូង នៃវីរ៉ុស COVID-19 នាថ្ងៃសុក្រនេះ ដោយបញ្ជាក់ថា បុរសវ័យក្មេងម្នាក់ត្រូវបានធ្វើតេស្តវិជ្ជមាន នៃវីរ៉ុស COVID-19 នៅក្នុងរដ្ឋធានីរបស់ខ្លួន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោក Lopez-Gatell បានឲ្យដឹងថា បុរសម្នាក់នោះ រួមជាមួយនឹងសមាជិកគ្រួសាររបស់លោក ចំនួន៥នាក់ ត្រូវបានគេដាក់នៅដាច់ដោយឡែកពីគេ នាវិទ្យាស្ថានជាតិជំងឺផ្លូវដង្ហើម។ លោកបន្ថែមថា «បុរសនោះ ស្ថិតក្នុងស្ថានភាពល្អ ដោយលោកមានជំងឺកម្រិតស្រាល ជាមួយនឹងអាការៈ ស្រដៀងទៅនឹងជំងឺផ្តាសាយ, បុរសនោះនៅក្មេង ហើយស្ថិតក្នុងហានិភ័យទាប»៕