អាមេរិក ទើបរកឃើញករណីឆ្លង COVID-19 ថ្មី ដែលគេមិនទាន់ច្បាស់អំពីប្រភពជាក់លាក់
(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិកបានឱ្យដឹងថា ពួកគេបានរកឃើញករណីឆ្លងដំបូងនៃជំងឺ COVID-19 ដែលមិនទាន់អាចកំណត់បានថា តើវាមានទំនាក់ទំនងជាមួយករណីឆ្លងស្រាប់ នៅក្នុងប្រទេសដែរ ឬក៏យ៉ាងណានោះទេ ខណៈមានការព្រមានពីការរីករាលដាលកាន់តែខ្លាំង នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC ករណីឆ្លងខាងលើ ត្រូវបានរាយការណ៍ដោយក្រុមគ្រូពេទ្យនៅក្នុងរដ្ឋកាលីហ្វរញ៉ា ហើយរូបគឺទំនងជាបានឆ្លងពីអ្នកដំណើរម្នាក់ដែលបានឆ្លង COVID-19។ ប៉ុន្តែ CDC មិនទាន់ទាន់បញ្ជាក់ឱ្យបានច្បាស់នៅឡើយទេពីករណីឆ្លងនេះ ស្របពេលមានសេចក្ដីរាយការណ៍ថា អ្នកជំងឺខាងលើមិនធ្លាប់ធ្វើដំណើរទៅក្រៅប្រទេស ហើយក៏មិនមានជាប់ពាក់ព័ន្ធ នឹងករណីឆ្លងដែលមានស្រាប់នោះដែរ។
បច្ចុប្បន្នសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លង COVID-19 សរុប ៦០នាក់។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅតែលើកឡើងជាថ្មីថា អត្រាឆ្លងនៃមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានកម្រិតទាបខ្លាំងនៅឡើយ ដែលមិនមែនជាការព្រួយបារម្ភធំដុំនោះឡើយ៕