សម្ដេចតេជោ ថ្លែងអរគុណលោក ពេជ្រ ស្រស់ ដែលបានផ្ដល់ធាតុចូលដ៏សំខាន់ពាក់ព័ន្ធនឹងរឿងលុបសមុទ្រ នៅខេត្តកោះកុង
(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានផ្តល់ធាតុចូលដ៏សំខាន់ ពាក់ព័ន្ធនឹងករណីលុបសមុទ្រនៅខេត្តកោះកុង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំអរគុណសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម ពេជ្រ ស្រស់ ក៏បានផ្តល់ធាតុចូលរឿងលុបសមុទ្រ “ហ្អែងកាយចេញវិញ បើមិនកាយផ្កាយហ្អែកដកចេញតែម្តង” អានោះ ! កាយចេញខ្ទេច ! ហ្នឹងប្រសិនបើអត់ពេជ្រ ស្រស់ទៅ ស្រែក !»។
សូមបញ្ជាក់ថា ករណីលុបដីចូលសមុទ្រ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្កើតឡើងដោយ ឧត្តមសេនីយ៍ទោ ទុន ដៀត កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។ ករណីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះទៅដល់ទីតាំងជាក់ស្ដែង និងធ្វើការស្រាវជ្រាវរហូតឃើញថា ឧត្តមសេនីយ៍ពាក់ផ្កាយពីរ ជានាយទាហានជាន់ខ្ពស់រូបនេះ ពិតជាបានលុបខ្សាច់លុបសមុទ្រប្រាកដមែន។
បន្ទាប់ពីជ្រាបព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ។ ព្រមទាំងសម្រេចយកគ្រឿងចក្រ កាយដីដែលចាក់លុបសមុទ្រនោះចេញវិញអស់៕
ដោយ៖ ស៊ាងម៉ី