ម្តាយ សុវត្ថិឌី ធារិកា ទម្លាយខ្ទេចគ្មានសល់រឿងដើរតាមស្អិតកូនស្រីគ្រប់កម្មវិធី
ភ្នំពេញ ៖ បើទោះបីជាមិនទាន់មានផលិតកម្មជាផ្លូវការសម្រាប់ជ្រកកោន និងផលិតបទចម្រៀងឲ្យនោះ ប៉ុន្តែ សុវត្ថិឌី ធារិកា ហាក់នៅតែមានប្រជាប្រិយភាព រហូតសូម្បីអ្នកគាំទ្រខ្លះលើកឡើងទាំងភ្ញាក់ផ្អើលថា «តាមកម្មវិធីធំៗ ដូចអត់សូវបាត់មុខ ចែកា សោះ»។
យ៉ាងណាមិញជាមួយវត្តមានអតីតបេក្ខជន Cambodian Idol រូបនេះពេលទៅច្រៀង ឬសម្តែងនោះ គេតែងឃើញម្តាយរូបស្រស់របស់នាងតាមស្អិតកូនស្រីជានិច្ច រហូតអ្នកខ្លះដាក់ការសង្ស័យថា «មកពីខា្លចមានកន្លង់ទាំងពួងមករោមឆក់ស្នេហ៍ហើយ» ប៉ុន្តែនាជំនួបជាមួយ តារាញូស៍ ម្តាយរបស់ ធារិកា បានប្រាប់ដោយច្បាស់ៗបដិសេធភ្លែតថា «មិនមែនមកពីហេតុផលហ្នឹងទេ»។
ពេលសួរបញ្ជាក់បន្ថែមឲ្យកាន់តែជាក់ពីមូលហេតុខ្លួនតែងដើរតាមកូននោះអ្នកម្តាយតារាចម្រៀងរាងស្តើង វ័យទើប២១រូបនេះ បានបន្តដោយស្នាមញញឹម និងអៀនតិចៗជំនួសកូនថា «តាមពិតមកពី អាកា មិនទាន់សូវចេះតុបតែង និងរៀបចំខ្លួនប៉ុណ្ណោះ ចឹងហើយទើបគាត់ជាម្តាយមកតាមដើម្បីទទួលខុសត្រូវរឿងនេះ គិតទៅ អាកា អាយុ២០ស្តើងហើយ តែដូចមិនទាន់ជាចំណាប់ខាងហ្នឹងតែម្តង គាត់មិនដែលខ្វល់ទេរឿងស្នេហា ស្នេហ៍ហឺតអីហ្នឹងនោះ ចឹងពួកគាត់ជាឪពុកម្តាយមិនបានខ្វល់ទេ ហើយទុកចិត្តលើកូនស្រីសំណព្វនេះណាស់»។
អត្ថបទ កែវ ច័ន្ទសុផាវរុណ