មជ្ឈមណ្ឌល CDC សហរដ្ឋអាមេរិក បានបញ្ជាក់ថា«អ្នកដំណើរទាំងអស់លើនាវា Westerdam ត្រូវបានធ្វើតេស្ត និងគ្មានផ្ទុក COVID-19 នោះទេ រួមទាំងស្ត្រីវ័យ៨៣ឆ្នាំនោះផងដែរ»

(អាមេរិក)៖ អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC លោក រីឆាដ ក្វាថារ៉ុន (Richard Quartarone) បានបញ្ជាក់ច្បាស់លាស់ថា អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) គឺត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាមេរិក US Today នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Richard Quartarone លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់រួចទៅហើយថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត ហើយពួកគេគ្មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះឡើយ រួមទាំងមនុស្សម្នាក់ (ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ) ដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន (នៅម៉ាឡេស៊ី) នោះផងដែរ។ ស្រ្តីជនជាតិអាមេរិកនៅម៉ាឡេស៊ីនោះ ប្រហែលជាអាចមានជំងឺផ្លូវដង្ហើម ហើយប្រសិនបើវាជាការពិតនោះ វាមិនមែនជាមេរោគ COVID-19 នោះទេ»។

គួរបញ្ជាក់ថា អ្នកដំណើរមួយចំនួននៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញមន្ទិលសង្ស័យចំពោះភាពគួរឲ្យទុកចិត្តបាន នៃការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជមាន) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់ប្រកាសថា គាត់លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។

លោក ស្ទេវ មូតស៍ (Steve Muth) រស់នៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ដែលជាអ្នកបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយគ្រួសារលោក ក៏មានមន្ទិលសង្ស័យផ្ទាល់ខ្លួន ចំពោះការធ្វើតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ ដោយអាជ្ញាធរម៉ាឡេស៊ីផងដែរ គឺមិនខុសពីការសង្ស័យរបស់កម្ពុជាទេ។ ក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់សារព័ត៌មាន USA Today លោក Muth បានរៀបរាប់យ៉ាងដូច្នេះថា «អ្នកដំណើរភាគច្រើនរួមទាំងរូបខ្ញុំដែរ មានការសង្ស័យជាខ្លាំង ចំពោះការធ្វើតេស្តពីរលើកដំបូងដែលបង្ហាញថា ស្រ្តីម្នាក់នោះមានផ្ទុកមេរោគ COVID-19»។ លោក Muth បានបន្តថា «ការធ្វើតេស្តមិនច្បាស់ការ ឬអាចនិយាយបានថា ការធ្វើតេស្តចេញលទ្ធផលខុសនេះ បានបង្កការប៉ះពាល់ជាខ្លាំង ដល់អ្នកដំណើរស្លូតត្រង់រាប់រយនាក់របស់កប៉ាល់ Westerdam ដែលរួមមានការត្រូវគេហាមមិនធ្វើដំណើរ តាមជើងយន្តហោះត្រឡប់ទៅផ្ទះវិញ និងការត្រូវប្រឈមនឹងភាពរើសអើងនានាជាដើម»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds