អ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងបន្តកើនឡើងកាន់តែខ្លាំងដល់២០៤នាក់

(សេអ៊ូល)៖ កូរ៉េខាងត្បូងទើបតែបានរាយការណ៍ពីករណីថ្មីចំនួន៤៨ទៀតនៃអ្នកឆ្លង COVID-19 បន្ថែមពីលើ៥២ករណី ដែលត្រូវ បានប្រកាសកាលពីព្រឹកថ្ងៃសុក្រនេះ ខណៈករណីអ្នកឆ្លងសុរបនៅទូទាំងប្រទេសអាស៊ីខាងកើតមួយនេះ បានកើនដល់២០៤។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

សរុប១០០ករណីឆ្លងថ្មីនៅក្នុងថ្ងៃសុក្រនេះ ត្រូវបានរកឃើញដោយមជ្ឈមណ្ឌលទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរបស់កូរ៉េខាងត្បូង (KCDC) ដោយ៨៥នាក់ក្នុងចំណោមនោះ មានជាប់ពាក់ព័ន្ធជាមួយព្រះវិហារគ្រិស្តសាសនាឈ្មោះ Shincheonji ដែលស្ថិតក្នុងក្រុង Daegu ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។

សរុបមកទល់ពេលនេះ សមាជិកព្រះវិហារ Shincheonji សរុបជាង១២០នាក់ហើយ បានឆ្លង COVID-19 ដោយចាប់ផ្តើមដំបូងពី ស្រ្តីវ័យ៦១ឆ្នាំម្នាក់ ដែលបានបង្ហាញរោគសញ្ញាសង្ស័យកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ប៉ុន្តែបានចូលរួមពិធិសាសនារបស់ ព្រះវិហារគ្រិស្តនោះយ៉ាងតិច៤លើក មុនពេលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ COVID-19។

គួរជម្រាបថា Daegu ជាទីក្រុងធំជាងគេលំដាប់ទី៤របស់កូរ៉េខាងត្បូង ដែលមានមនុស្សរស់នៅជាង២.៥លាននាក់។ អភិបាលក្រុង នេះ បានជំរុញឲ្យប្រជាជនកុំចេញក្រៅ ប្រសិនបើពុំចាំបាច់ ហើយនៅពេលនៅខាងក្រៅត្រូវពាក់ម៉ាសជាប់ជានិច្ច។ កូរ៉េខាងត្បូងក៏ មានករណីអ្នកបាត់បង់ជីវិតម្នាក់ផងដែរ ដោយសារតែជំងឺ COVID-19 ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open