ឪពុក​ Hudson-Odoi ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ហ្គាណា​របស់​ខ្លួន​បាន​ប្រាក់​ខែ​តែ​១០​ដុល្លារ​

ថ្ងៃទី ០៧ ខែមីនា​ ឆ្នាំ ២០១៩ ម៉ោង 05:08PM

ឪពុក​របស់ Callum Hudson-Odoi គឺ Bismark Odoi ក៏​ធ្លាប់​ជា​អតីត​កីឡាករ​បាល់ទាត់​របស់​ជម្រើស​ជាតិ​ហ្គាណា​ ដោយ​ទទួល​បាន​ប្រាក់​ខែ​ត្រឹមតែ ៧​ផោន (ប្រហែល ៩​ដុល្លារ) ក្នុង​១​ខែ។ នេះ​បើ​តាម Mirror។

Douglas Tago និងកីឡាករ Bismark Odoi សម្លឹង​កាមេរ៉ា​ដើម្បី​អបអរ​ជ័យជម្នះ

ជម្រើស​ជាតិ​វ័យក្មេង​របស់​អង់គ្លេស Callum Hudson-Odoi ប្រាក់​ដែល​គេ​រក​បាន​រៀងរាល់​នាទី ច្រើន​ជាង​ប្រាក់ខែ​របស់​ឪពុក​​គេ​ទៅ​ទៀត។កីឡាករ​វ័យ ១៨ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ Chelseaផ្តល់​ឱ្យ​នូវ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ៧០ ០០០ ផោន (៩០ ០០០ ដុល្លារ) ក្នុង​១​សប្តាហ៍ ឬ ប្រហែល​ជាង ៣៦ ម៉ឺន​ដុល្លារ​ក្នុង​១​ខែ។

Bismark ដែល​បច្ចុប្បន្ន​ជា​ភ្នាក់ងារ​កូន​ប្រុស​​របស់​លោក។ លោក​ធ្លាប់​ជា​អតីត​​កីឡាករ​ដ៏​ល្បីល្បាញ​ម្នាក់នៅ​ទ្វីប​អាហ្រ្វិក។គាត់​បាន​ផ្លាស់​មក​រស់​នៅ​ចក្រភព​អង់គ្លេស ពី​ទ្វីប​អាហ្វ្រិក ដើម្បី​ចូលរួម​វគ្គ​ហ្វឹកហាត់​បាល់ទាត់​របស់​កូកាកូឡា​នៅ Wandsworth ភាគ​ខាង​ត្បូង​ទីក្រុង​ឡុង ជា​ទី​ដែល Callum បាន​កើត។នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​របស់ Mirror លោក Douglas Tago វ័យ​៦០​ឆ្នាំ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Bismark បាន​ប្រាប់​រឿង​គួរ​ឱ្យ​​ចាប់អារម្មណ៍​​អំពី​ឪពុក Hudson-Odoi យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ហើយ Bismark​ មាន​អាយុ​ដូច​ខ្ញុំ​ដែរ។ យើង​លេង​ជាមួយ​គ្នា។ គាត់​ពាក់​លេខ ១០ ហើយ​ខ្ញុំ​ពាក់​លេខ ១១”។

“យើង​បាន​លេង​​ទល់​នឹង​ក្រុម​របស់ Kumasi ជា​ការ​ប្រកួត​ដ៏​ល្បី​មួយ។ Bismark រក​បាន​១​គ្រាប់ បន្ទាប់​មក​ខ្ញុំ​ស៊ុត​ចូល​១​គ្រាប់​ដែរ។ វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ វា​ជា​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ នៅ​ក្នុង​ប្រទេស​ហ្គាណា”។

“Heart of Oak គឺ​ជា​ក្រុម​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ហ្គាណា ប្រហែល​​ធំ​បំផុត​មួយ​នៅ​អាហ្វ្រិក។ យើង​បាន​លេង​ក្នុង​ព្រឹត្តិការណ៍ African championships”។Bismark ធំធាត់​នៅ​តំបន់​ជាយក្រុង Kokomlemle ប្រទេស​ហ្គាណា រស់នៅ​ជាមួយ​បងប្អូន​ក្នុង​ផ្ទះ​​មួយ​ដែល​មាន​១០​គ្រួសារ។ គាត់​បាន​លេង​ឲ្យ​ក្រុម Hearts of Oak ក្នុង​ឆ្នាំ ១៩៧៥។

ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ Bismark បាន​ជួយ​ក្រុម Heart of Oak បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២ African Cup of Champions Clubs ឬ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Champions League របស់​ទ្វីប​អាហ្វ្រិក។

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds